ភោជនីយដ្ឋានជនបរទេសឆ្នេរសមុទ្រមានសេវាផ្លូវភេទ
ក្រុងព្រះសីហនុ ៖ នៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌមិត្ដភាព ពិសេសសង្កាត់លេខ៣ គេសង្កេតឃើញ មានការបង្កើតភោជនីយដ្ឋាន ឬកន្លែងលក់អាហារ កន្លែងកំសាន្ដ របស់ជនបរទេសជាច្រើនកន្លែងដែលគ្រប់ គ្រងផ្ទាល់ដោយជនបរទេសគ្រប់ជាតិសាសន៍ មករកស៊ីនៅស្រុកខ្មែរ ហើយកន្លែងខ្លះក៏កំពុងបង្កើតនូវ ភាពអនាធិបតេយ្យដូចជាការចរាចរគ្រឿងញៀន អំពើជួញដូរផ្លូវភេទ ដែលជ្រកក្រោមស្លាកហាងលក់ អាហារ ឬភេសជ្ជៈ របស់ជនបរទេសទាំងនោះផងដែរ។ បើទោះបីជាបាតុភាពបានកើតឡើងដែលអ្នកណា ក៏បានដឹងដូចគ្នាដែរនោះយ៉ាងណាក្ដី ក៏គេពុំឃើញសមត្ថកិច្ចជំនាញណាមួយ ចុះទៅត្រួតពិនិត្យ ឬទប់ស្កាត់ អ្វីឡើយ មិនតែប៉ុណ្ណោះបច្ចុប្បន្នហាងជនបរទេសដែលពាក់ព័ន្ធបញ្ហានេះបានរីកដុះដាល រហូតដល់កណ្ដាល ទីប្រជុំជនក្រុងតែម្ដង ។
មហាជននៅក្រុងព្រះសីហនុបានធ្វើការរិះគន់ថា ស្ទើររាល់សប្ដាហ៍និងរាល់ខែ គេសង្កេតឃើញទាំងស្ថាប័ន ជាតិ និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលផង បានជួបប្រជុំគ្នាធ្វើសិក្ខាសាលាជាបន្ដបន្ទាប់ដែលផ្ដោតលើការ ទប់ស្កាត់អំពើជួញដូរមនុស្ស ជួញដូរស្ដ្រី និងកុមារ និងការជួញដូរគ្រឿងញៀនជាដើម ប៉ុន្ដែស្ថានភាព ជាក់ស្ដែងពិសេសការសេពគ្រឿងញៀន និងអំពើពេស្យាចារជួញដូរផ្លូវភេទ នៅតែកើតមានរីកដុះដាល ធ្វើឱ្យស្ដ្រីក្មេងៗមួយចំនួនដែលស្ថិតនៅក្នុងជំរំជួញដូរផ្លូវភេទ ខូចអនាគតអស់មួយជីវិត។ មហាជន បានធ្វើការរិះគន់ទៀតថា ការដែលគ្រាន់តែធ្វើសិក្ខាសាលានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ រួចហើយនៅពេល បញ្ចប់ក៏ប្រកាសពីលទ្ធផល និងជោគជ័យរបស់ខ្លួននោះគឺពុំគ្រប់គ្រាន់ទេ គេត្រូវតែរកវិធីឱ្យមានការជួយ ជាក់ស្ដែងវិញប្រសើរជាង។ ឧទាហរណ៍ជាក់ស្ដែងត្រូវបានបង្ហាញឱ្យឃើញ តាមរយៈការដែលជនបរទេស មករកស៊ីនៅក្រុងព្រះសីហនុបង្កើតហាងលក់ភេសជ្ជៈ ឬលក់អាហារ របៀបជាការរកស៊ីធម្មតាតែសំបកក្រៅ ប៉ុន្ដែខាងក្នុងគឺជាកន្លែងរកស៊ីជួញដូរផ្លូវភេទសុទ្ធសាធ ។
លោកអ៊ូច ឡាយ នាយប៉ុស្ដិ៍ប៉ូលិសរដ្ឋបាលសង្កាត់លេខ៣ ខណ្ឌមិត្ដភាព នៅពេលត្រូវបានសាកសួរ ពីរឿងនេះលោកបានថ្លែងថា សមត្ថកិច្ចរបស់លោកបានចាត់វិធានការជាបន្ដបន្ទាប់ដែរ ប៉ុន្ដែនៅពុំទាន់មាន ប្រសិទ្ធភាពនៅឡើយ ពីព្រោះបើនិយាយពីជនបរទេស គឺមានការពាក់ព័ន្ធជាមួយអាជ្ញាធរ ឬសមត្ថកិច្ច ច្រើនផ្នែកណាស់ កំលាំងប៉ូលិសប៉ុស្ដិ៍មិនអាចម្ចាស់ការធ្វើតែម្នាក់ឯងបានទេ។ មហាជននៅក្រុងព្រះសីហនុ កំពុងតែធ្វើការរិះគន់ធ្ងន់ៗទៅលើក្រុមជនបរទេស ដែលមករស់នៅរកស៊ីក្នុងក្រុងទេសចរណ៍មួយនេះថា ច្រើនជាអ្នកបង្កភាពអនាធិបតេយ្យបង្ខូចសណ្ដាប់ធ្នាប់ក្នុងក្រុង មានដូចជាការបើកបង្ហោះម៉ូតូ ពេលដល់ កណ្ដាលអធ្រាត្រ ការផឹកស៊ីស្រវឹងឡូឡា សេពគ្រឿងញៀន និងការលេងល្បែងស្នេហាអាសអាភាសតាមទី ប្រជុំជនដែលសុទ្ធសឹងជាអំពើមិនត្រឹមត្រូវ ចាំបាច់អាជ្ញាធរគួរមានវិធានការឱ្យបានហ្មឺងម៉ាត់ ។
for this post
Leave a Reply