ពិព័រណ៍រូបថតនៃកម្មករនិយោជិតកាត់ដេរនិងភាគថ្មីនៃខ្សែវីដេអូអប់រំសំរាប់ឧស្សាហកម្មកាត់ដេរចាប់ផ្ដើមដាក់បង្ហាញនិងបញ្ចាំងជូនទស្សនា
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ILO បានឱ្យដឹងថា ពិព័រណ៍រូបថតនៃកម្មករ និយោជិតកាត់ដេរ និងភាគថ្មីនៃខ្សែវីដេអូ អប់រំសំរាប់ឧស្សាហកម្មកាត់ដេរ ចាប់ផ្ដើមដាក់បង្ហាញ និងបញ្ចាំងជូនទស្សនា ដោយគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្ដរជាតិ និងមជ្ឈមណ្ឌលធនធានសោត ទស្សន៍ បុបា្ពណា នៅឯពិធីមួយក្រោមអធិបតីភាពលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម នៅថ្ងៃ សុក្រ ទី២៥ ខែឧសភា ។
ពិព័រណ៍កំរងរូបភាពក្រោមចំណងជើង “អ្នកនៅពីក្រោយផលិតផលសំលៀកបំពាក់ កម្មករនិយោជិត កាត់ដេរនៃប្រទេសកម្ពុជា” មានគោលបំណងអប់រំទស្សនិកជនអំពីលក្ខណៈនៃការងារកាត់ដេរ ព្រមទាំង ជីវិត និងបទពិសោធន៍ការងារផ្ទាល់ខ្លួនរបស់កម្មករនិយោជិតកាត់ដេរ ។ រូបថតដែលថតដោយ អ្នកថតរូប ជនជាតិអូស្ដ្រាលី លីវីងស្ដុន អាមីថេច លាតត្រដាងពីជីវិតរបស់កម្មករនិយោជិតកាត់ដេរនៅកន្លែងធ្វើការ និងនៅផ្ទះរបស់ពួកគេ ។ រូបភាពទាំងនេះបង្ហាញពីជីវិតការងារដ៏មមាញឹករបស់ពួកគេ ការងារ លក្ខខណ្ឌ ការងារ និងមិត្ដភក្ដិរួមសុខទុក្ខរបស់ពួកគេ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ ពេលវេលារីករាយ ការតស៊ូ ក្នុងជីវិត និងថ្ងៃឈប់សំរាកដ៏មានតំលៃរបស់ពួកគេ ។
ខ្សែវីដេអូចំនួន៤ភាគថ្មីៗរបស់គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្រោមចំណងជើងថា “នៅខ្លោង ទ្វាររោងចក្រកាត់ដេរ” ដែលសំដែងដោយតារាភាពយន្ដ និង តារាចំរៀងខ្មែរដែលមានប្រជាប្រិយភាពជា ច្រើនរូប បន្ដធ្វើការអប់រំ និងបង្កើនការយល់ដឹងដល់កម្មករកាត់ដេរ និងអ្នកគ្រប់គ្រងរោងចក្រអំពីបញ្ហា ប្រឈមមុខមួយចំនួនដែលតែងកើតមានឡើងនៅក្នុងរោងចក្រកាត់ដេរកម្ពុជា ។ ខ្សែវីដេអូចាប់ពីភាគទី៣ ដល់ទី៦ ផ្សព្វផ្សាយសារស្ដីអំពីការលួច សុវត្ថិភាព និង សុខភាពការងារ ម្ដាយដែលជាអ្នកធ្វើការ និង ការថែទាំទារក និងកម្មករនិយោជិតដែលមិនទាន់គ្រប់អាយុចូលធ្វើការ ។
ពិព័រណ៍នេះ ក៏ជាឱកាសមួយផងដែរ សំរាប់ឱ្យមជ្ឈមណ្ឌលធនធានសោតទស្សន៍បុបា្ពណា ណែនាំពី បេសកកម្មរបស់ខ្លួនក្នុងការលើកកំពស់កេរមរតក និងវប្បធម៌សង្គម របស់ប្រទេសកម្ពុជា ។ ក្រុមការងារ របស់មជ្ឈមណ្ឌលស្វាគមន៍អ្នកចូលរួមទាំងអស់ ដើម្បីស្វែងយល់ពីលទ្ធផលការងារនៃការប្រមូលចងក្រង និងការការពារធនធានសោតទស្សន៍ ព្រមទាំងការបង្កើតការចងចាំសំរាប់ពេលអនាគត ។
ពិធីដាក់បង្ហាញរូបថត និងបញ្ចាំងខ្សែវីដេអូនេះប្រារឰធ្វើឡើងនៅថ្ងៃសុក្រ ទី២៥ ខែឧសភា វេលាម៉ោង ៦ល្ងាច នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុបា្ពណា ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ក្រុងភ្នំពេញ (ខាងក្រោម មជ្ឈមណ្ឌលវប្បធម៌បារាំង)។ ពិព័រណ៍រូបថត និងការដាក់បញ្ចាំងខ្សែវីដេអូភាគនេះ នឹងបន្ដបង្ហាញជូន សាធារណជនរហូតដល់ថ្ងៃ ទី១៥ ខែមិថុនា នៅឯមជ្ឈមណ្ឌលនេះ ។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply