គួរប្រើពាក្យជនពាល ជំនួសពាក្យបងតូចបងធំដែលលើកតំលៃដល់ពួកគេ
រាជធានីភ្នំពេញ ៖ លោកជ័យ ចាប អនុរដ្ឋលេខាធិការក្រសួងអប់រំមានប្រសាសន៍ថា លោកមិនឯកភាព ទាល់តែសោះចំពោះការប្រើប្រាស់ពាក្យ “បងធំបងតូច” ទៅលើក្រុមជនពាល អាវ៉ាសែ ដោយលោក ចាត់ទុកថា វាហាក់ដូចជាលើកតំលៃ និងមុខមាត់ឱ្យជនពាលទៅវិញ ។
លោកជ័យ ចាប បញ្ជាក់ថា ពាក្យថា “បងធំបងតូច” គឺជាពាក្យមួយ ដែលបញ្ជាក់ពីជនស្គាល់ ខុសស្គាល់ត្រូវ អាចជំនួសកិច្ចការឱ្យឪពុកម្ដាយ។ ខណៈពេលឪពុកម្ដាយស្លាប់ទៅ ឬមិននៅផ្ទះ កូនប្រុសច្បងត្រូវគេចាត់ទុកជាបងធំ អាចជួយមើលការខុសត្រូវក្នុងផ្ទះជំនួសឪពុកម្ដាយ និងមើលការខុស ត្រូវចំពោះប្អូន គឺបងធំជាអ្នករ៉ាប់រង ។ បើសិនជាបងធំមិននៅទៀត គឺប្អូនៗសំលឹងរកបងបន្ទាប់ ដែលគេ ច្រើននិយាយថា បងធំទី១ បងធំទី២ បងធំទី៣ សំរាប់បំពេញនាទីជំនួសឪពុកម្ដាយ ដូច្នេះលោកយល់ថា ពួកជនពាលគួរប្រើពាក្យពាល ឱ្យពួកគេទើបត្រឹមត្រូវជាង ។
លោកជ័យ ចាប បានមានប្រសាសន៍បែបនេះកាលពីថ្ងៃទី២៥ ឧសភា នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសពាក់កន្សែងនវកាយរិទ្ធិ ដល់ក្រុមកាយរិទ្ធិ ចំនួន៣៤នាក់ របស់វិទ្យាល័យអនុវត្ដ ។
ក្នុងឱកាសនោះ លោកបានឆ្លៀតណែនាំដល់ក្រុមកាយរិទ្ធិទាំងអស់ត្រូវធ្វើជាពលរដ្ឋល្អ ជាកូនល្អ និងជា សិស្សដ៏ល្អម្នាក់ដើម្បីកុំឱ្យឪពុកម្ដាយពិបាកចិត្ដ ។
វិទ្យាល័យអនុវត្ដនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ដោយមានគ្រូបង្រៀនទាំងអស់ចំនួន៤៣នាក់ ក្នុងនោះមានអ្នកគ្រូចំនួន១៥នាក់ និងមានសិស្សចំនួន៧៤១នាក់ ក្នុងនោះស្រីចំនួន៣៤៣នាក់ ។ ដើម្បី រៀបចំធនធានមនុស្សឱ្យបានល្អលើផ្នែកកាយរិទ្ធិសំរាប់រាជធានីភ្នំពេញ ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា វិទ្យាល័យអនុវត្ដបានរៀបចំសិស្សដែលស្ម័គ្រចិត្ដចូលជាយុវជនកាយរិទ្ធិ ក្នុងនោះភាគច្រើនជាសិស្ស ដែលមានការសិក្សាល្អដើម្បីជាគំរូដល់សិស្សដទៃទៀត ។
Labels: សន្តិសុខ
for this post
Leave a Reply