មួយខែលួចគោអ្នកស្រុកបានសំរេច៣ដង លើកចុងក្រោយជាប់អន្ទាក់ប៉ូលិស
ខេត្ដបាត់ដំបង ៖ យុវជនចិត្ដស្លុយម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានស្ទាក់ចាប់ខ្លួន បានភ្លាមៗ បន្ទាប់ពីជននេះលួចដឹកគោគេទាំងថ្ងៃយកទៅលក់ឱ្យឈ្មួញកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា នៅចំណុចលើទំនប់អាងមួយកន្លែង ស្ថិតក្នុងភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី។ ប៉ូលិសនិយាយថា ជននេះធ្លាប់លួចមេគោគេបានសំរេច៣លើកមកហើយ គិតត្រឹមថ្ងៃចាប់ខ្លួនបាន ។
យោងតាមសេចក្ដីរាយការណ៍របស់ប៉ូលិសប៉ុសិ៍្ដរដ្ឋបាលឃុំព្រៃតូចបានឱ្យដឹងថា ជនសង្ស័យដែលប៉ូលិស ឃាត់ខ្លួនក្នុងករណីលួចគោគេនោះឈ្មោះវ៉េត វ៉ាន់ អាយុ១៩ឆ្នាំ រស់នៅក្រុមទី៨ ភូមិដុបក្រសាំង ឃុំព្រៃតូច រីឯម្ចាស់គោឈ្មោះអ៊ុយ បក ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។ ប្រភព ខាងលើឱ្យដឹងទៀតថា ជនសង្ស័យត្រូវបានប៉ូលិសមូលដ្ឋានឃាត់ខ្លួន ខណៈពេលកំពុងដឹកមេគោរបស់ស្ដ្រី ខាងលើ បំរុងយកទៅលក់ឱ្យឈ្មួញម្នាក់ឈ្មោះអាត រស់នៅឃុំព្រៃតូចនេះដែរ ដែលជនសង្ស័យ ធ្លាប់លួចគោគេយកទៅលក់ឱ្យច្រើនលើកហើយនាពេលកន្លងមក ។
បើតាមម្ចាស់គោឈ្មោះអ៊ុយ បក បានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុ គាត់បានដឹកគោមេរបស់ គាត់មួយក្បាលទៅចងឱ្យស៊ីស្មៅនៅចំណុចលើទំនប់អាងខាងលើនេះ (ចំណុចកើតហេតុ) លុះនៅ វេលាម៉ោង៩ព្រឹកថ្ងៃដដែលនោះ ក៏បានឱ្យចៅប្រុសរបស់គាត់ឈ្មោះផា ទៅផ្លាស់ចំណងគោ ស្រាប់តែ បាត់គោពុំឃើញ រួចចៅរបស់គាត់ដើររកក៏ឃើញមនុស្សប្រុសម្នាក់កំពុងដឹកមេគោនោះ កាត់តាមវាល ស្រែ។ ពេលឃើញដូច្នេះចៅរបស់គាត់ក៏រត់ទៅប្ដឹងប៉ូលិសឃុំព្រៃតូច ឱ្យចាប់ខ្លួនជននោះភ្លាមៗតែម្ដង ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យឈ្មោះ វ៉េត វ៉ាន់ បានឆ្លើយថា កន្លងមកខ្លួនធ្លាប់លួចមេគោគេចំនួន ៣លើកហើយ គិតទាំងលើកនេះ ដែលត្រូវប៉ូលិសចាប់ខ្លួន ។ លើកទី១ នៅដើមខែឧសភានេះ ម៉ោង ប្រហែល១០ព្រឹក ខ្លួនបានទៅលួចមេគោមួយក្បាលរបស់ឈ្មោះធឿត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ដែលម្ចាស់គោចងឱ្យស៊ីស្មៅនៅវាលស្រែក្រោយផ្ទះយកទៅលក់ឱ្យឈ្មោះអាត នៅភូមិព្រៃ តូច ឃុំព្រៃតូចបាន៣៣ម៉ឺនរៀល ។ លើកទី២ រំលងបាន១៥ថ្ងៃក្រោយ នៅម៉ោង១១ព្រឹក ខ្លួនបានទៅលួច មេគោ១ក្បាលទៀតមិនស្គាល់ម្ចាស់ដែលគេលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ រួចយកទៅលក់ឱ្យឈ្មោះ អាតដដែល តែឈ្មោះអាតមិនទិញទេ ព្រោះគេបង្វិលលុយមិនទាន់ រួចខ្លួនក៏ដឹកគោនោះមកលែង នៅកន្លែងដើមវិញ ។ ឯលើកទី៣ គឺលើកចុងក្រោយនេះខ្លួនទៅលួចដឹកមេគោរបស់យាយអ៊ុយ បក ដែល គាត់ចងឱ្យស៊ីស្មៅនៅចំណុចខាងលើ ដោយបំរុងយកទៅលក់ឱ្យឈ្មោះអាតដដែល ក៏ត្រូវប៉ូលិសចាប់ខ្លួន តែម្ដង ។
ដោយយោងតាមពាក្យបណ្ដឹងរបស់ម្ចាស់គោ និងយោងតាមចំលើយសារភាពរបស់ជនសង្ស័យ ព្រមទាំង យោងតាមការប្រព្រឹត្ដិបទល្មើសជាក់ស្ដែង ជនសង្ស័យត្រូវបានកំលាំងសមត្ថកិច្ចស្រុកមោងឫស្សីកសាង សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ដ នៅរសៀលថ្ងៃទី២៦ ឧសភា ដើម្បីចាត់ការបន្ដ ។
Labels: សន្តិសុខ
for this post
Leave a Reply