ការប្រកួតដណ្ដើមធ្វើជាម្ចាស់ម៉ូតូ ស្ប៉ាយឌ័រ នៅលើរេញស៊ីធីអិន លទ្ធផលឱ្យ ឡៅ ស៊ីណាត ចាញ់ សារឹម វ៉ាន់ថន ផ្ទុះប្រតិកម្មចំរូងចំរាស
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណនៅស្ថានីយទូរទស្សន៍ប៉ុសិ៍្ដ CTN កាលពីរសៀល ថ្ងៃអាទិត្យទី២៧ ឧសភា កន្លងមកនេះ គឺជាព្រឹត្ដិការណ៍ដ៏ពិសេសមួយ ព្រោះជាការប្រកួតដណ្ដើមរង្វាន់ ម៉ូតូម៉ាក Spider ចំនួន១គ្រឿង ។
អ្នកប្រដាល់ដែលត្រូវចូលរួមប្រកួតដណ្ដើមរង្វាន់ម៉ូតូខាងលើនេះមានចំនួន៤រូប គឺសារឹម វ៉ាន់ថន មកពី សមាគមកីឡាកងយោធពលខេមរភូមិន្ទ ត្រូវជួបប្រកួតជាមួយ អ៊ឹង បូរិន មកពីក្លឹបព្រះខ័នរាជ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯផៃ ប៊ុនជឿ មកពីក្លឹបក្រសួងមហាផ្ទៃត្រូវជួបប្រកួតជាមួយ ឡៅ ស៊ីណាត មកពីក្លឹបកងពលតូចឆត្រយោង៩១១ ។ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញរួចមក ជាលទ្ធផល បច្ចេកទេស សារឹម វ៉ាន់ថន បានយកឈ្នះពិន្ទុ អ៊ឹង បូរិន ហើយឡៅ ស៊ីណាត បានយកឈ្នះពិន្ទុ ផៃ ប៊ុនជឿ។ បន្ទាប់មកអ្នកដែលឈ្នះត្រូវធ្វើការប្រកួតគ្នា៥ទឹកបន្ដទៀត ដើម្បីដណ្ដើមយករង្វាន់ម៉ូតូ ។
ចំពោះលទ្ធផលនៃការប្រកួតផ្ដាច់ព្រ័ត្រគឺ សារឹម វ៉ាន់ថន បានយកឈ្នះឡៅ ស៊ីណាត ដោយពិន្ទុ ប៉ុន្ដែការ ឈ្នះនេះបានបង្កើតនូវព្រឹត្ដិការណ៍អាប់អួយ៉ាងខ្លាំង ដោយសារមានការស្រែកតវ៉ាពីសំណាក់អ្នកទស្សនា ភាគច្រើន ។ បន្ទាប់ពីប្រកាសលទ្ធផលភ្លាមភាពរំជើបរំជួលបានចាប់ផ្ដើមកំរើកឡើងក្រោមសម្រែកថា “អយុត្ដិធម៌ណាស់ៗ” ។ ខណៈនោះគេសង្កេតឃើញមានមន្ដ្រីយោធាម្នាក់ ទំនងមកពីអង្គភាពឆត្រយោង ៩១១ បានងើបពីកៅអីឈរឆ្ការដៃ ឆ្ការជើង ដោយមានការគាំទ្រពីទស្សនិកជនយ៉ាងច្រើនផងនោះ បានធ្វើ ការស្ដីបន្ទោសព្រមទាំងលើកដៃចង្អុលទៅតុគណៈកម្មការ ដែលមានលោកឆឹង យ៉ាវយ៉េន និងលោកមាស សុខគ្រី អង្គុយនៅទីនោះ ហើយបានចោទថា លោកទាំង២បញ្ជាឱ្យប្រកាសលទ្ធផលផ្ទុយពីឆន្ទៈរបស់ចៅ ក្រមទាំង៥ ។
ទាក់ទិននឹងការផ្ដល់ពិន្ទុនេះ លោកសុខ វិជ័យ ដែលជាអាជ្ញាកណ្ដាលគូពិសេសនេះ បាននិយាយបញ្ជាក់ថា ក្នុងចំណោមចៅក្រមទាំង៥នាក់ មាន៣នាក់ឱ្យវ៉ាន់ថនឈ្នះ ដូច្នេះការប្រកាសលទ្ធផលនេះពិតជាត្រឹមត្រូវ ពុំមានការជំរុញពីភាគីណាមួយទេ។ ប៉ុន្ដែអ្នកមើលនៅទីនោះនៅតែស្រែកថា ការផ្ដល់ពិន្ទុនេះអយុត្ដិធម៌ ខ្លាំងណាស់ ហើយថែមបានទាមទារឱ្យគណៈកម្មការរៀបចំការប្រកួតប្រដាល់ប៉ុសិ៍្ដ CTN នេះជួយផ្ដល់ យុត្ដិធម៌ឱ្យកីឡាករឡៅ ស៊ីណាត ទៀតផង។ ទោះបីជាយ៉ាងណា វ៉ាន់ថនបានក្លាយទៅជាម្ចាស់ម៉ូតូ ម៉ាក Spider ១គ្រឿងនេះទៅហើយ បន្ទាប់ពីតំណាងក្រុមហ៊ុនបានប្រគល់កូនសោឱ្យរួចមក ។
ចំពោះគូប្រកួតធម្មតាវិញ ម៉ូវ សំសឿន មកពីក្លឹបកងពលតូចលេខ៧០ បានយកឈ្នះពិន្ទុ ម៉ៅ រិទ្ធី មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ឡម សឿន មកពីក្លឹបខេមរិន្ទមានរិទ្ធ បានយកឈ្នះពិន្ទុ គង់ សេងហួរ មកពីក្លឹបសឹករងខេត្ដបាត់ដំបង ។ ចំណែកគូប្រកួត ជាលក្ខណៈសាកលវិញ ឆៃ វ៉ាន់នី មកពីក្លឹប ភ្នំពេជ្រកីឡា បានយកឈ្នះសំណាង វ៉ាន់ឌី មកពីក្លឹបខេមបុក្ស ។ នួន វ៉ាន់នេត មកពីសមាគមកីឡា កងយោធពលខេមរភូមិន្ទ បានយកឈ្នះម៉ាក់ សាមឿន មកពីក្លឹបតាឡីដំរីព្រេចដោយពិន្ទុ ។
Labels: កីឡា
for this post
Leave a Reply