ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅឃុំប៉ោយប៉ែត
ខេត្ដបន្ទាយមានជ័យ ៖ ក្រោយពីមានភ្លៀងជាច្រើនមេរួចមក គេឃើញមន្ដ្រីក្រុមប្រឹក្សាឃុំប៉ោយប៉ែត បានបើកយុទ្ធនាការសំអាតអនាម័យបរិស្ថាននិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ។ លោកង៉ោ ម៉េង ជ្រួន ប្រធានអភិវឌ្ឍន៍ឃុំបានប្រាប់កោះសន្ដិភាពនៅព្រឹកថ្ងៃទី២៧ ឧសភាថា មន្ដ្រីក្រុមប្រឹក្សាឃុំ ប៉ោយប៉ែត នឹងចាប់ផ្ដើមអភិវឌ្ឍន៍មូលដ្ឋានជាបន្ដបន្ទាប់ចាប់ពីពេលនេះតទៅ ក្នុងនោះ ទី១-ត្រូវសំអាត អនាម័យបរិស្ថានតាមផ្លូវសាធារណៈ ជាពិសេសគឺនៅលើដងផ្លូវជាតិលេខ៥ ដែលជាផ្លូវសំរាប់ពលរដ្ឋនិង ភ្ញៀវទេសចរជាតិ និងអន្ដរជាតិឆ្លងកាត់ ទី២-ត្រូវកាយយកសំរាមដែលហូរចូលក្នុងលូធ្វើឱ្យកកស្ទះទឹក មិនអាចហូរនៅពេលមានភ្លៀងធ្លាក់ និងទី៣-ត្រូវជួសជុលផ្លូវលំទាំងអស់នៅក្នុងមូលដ្ឋានដែលមាន ពលរដ្ឋរស់នៅនិងធ្វើដំណើរ ។
ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតមានការត្រេកអរយ៉ាងខ្លាំង ដែលឃើញមន្ដ្រីក្រុមប្រឹក្សាឃុំប៉ោយប៉ែត ធ្វើការអភិវឌ្ឍន៍មូលដ្ឋានបែបនេះ ពួកគាត់បានលើកឡើងថា បើមន្ដ្រីឃុំអភិវឌ្ឍផ្លូវលំមុនគេ គួរតែ អភិវឌ្ឍផ្លូវលំដែលមានការធ្វើដំណើរឆ្លងកាត់ច្រើន ដូចជាផ្លូវវត្ដថ្មីទៅភូមិប្រជាធម្ម ហើយនិងផ្លូវអង់តែន ទូរស័ព្ទទៅដល់សាលាបឋមសិក្សាឃុំនិមិត្ដ ។ ផ្លូវទាំងពីរខ្សែនេះនៅពេលធ្លាក់ភ្លៀងម្ដងៗកកស្ទះ លិច លើដងផ្លូវរួមទាំងលិចបរិវេណសាលាទៀតផង បង្កបញ្ហាដល់សិស្សសាលាពុំបានរៀនសូត្រ ហើយនិងមាន ការពិបាកធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនោះថែមទៀត ដោយសារផ្លូវនោះមានជង្ហុកជ្រៅអាចបង្កគ្រោះ ថ្នាក់ជាយថាហេតុ ។
លោកង៉ោ ម៉េងជ្រួន ប្រធានអភិវឌ្ឍន៍ឃុំប៉ោយប៉ែតបានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះបញ្ហាទាំងអស់ ជាសំណូមពររបស់ប្រជាពលរដ្ឋនោះ លោកមិនទាន់ហ៊ានអះអាងទេដោយសារការជួសជុលនិងការ អភិវឌ្ឍន៍ទាំងអស់នេះ គឺលោកពុំទាន់មានថវិកាគ្រប់គ្រាន់នៅឡើយ។ ចំណែកថវិកាដែលបានយកមក អភិវឌ្ឍនៅពេលនេះគឺជាថវិកាបានពីសប្បុរសជន នៅក្នុងមូលដ្ឋាននិងថវិកាផ្ទាល់របស់ក្រុមប្រឹក្សាឃុំ តែប៉ុណ្ណោះ ទោះបីជាបែបណាលោកនឹងព្យាយាម។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply