ប៉េអឹមឃាត់ខ្លួនសិស្ស៣នាក់យកមកអប់រំឈប់ឱ្យប្រើពាក្យអាសអាភាស
ក្រុងព្រះសីហនុ ៖ សិស្សចំនួន៣នាក់ ត្រូវកងរាជអាវុធហត្ថខណ្ឌស្ទឹងហាវឃាត់ខ្លួន យកទៅអប់រំ កាលពីថ្ងៃទី២៤ ឧសភា វេលាម៉ោង៨និង៤៥នាទីព្រឹក ដោយសារពួកគេប្រើសំដីអសីលធម៌ទៅលើ សិស្សស្រី ។
លោកអនុសេនីយ៍ទោឡឹង ណាន មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌស្ទឹងហាវឱ្យដឹងថា សិស្សទាំង៣នាក់ នោះ ១-ឈ្មោះក្រួច ពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ ២-ឈ្មោះព្រំ ទាវ អាយុ១៨ឆ្នាំ ជាសិស្ស ថ្នាក់ទី ១០ និង៣-ឈ្មោះសុវណ្ណរិទ្ធ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យស្ទឹងហាវ ក្រុងព្រះសីហនុ ។ ពួកគេមានទីលំនៅក្នុងសង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ក្រុងព្រះ សីហនុ ។
លោកអនុសេនីយ៍ទោឱ្យដឹងទៀតថា ចំណែកសិស្សនារីដែលរងការប្រមាថដោយពាក្យសំដីមិនសមរម្យ នោះឈ្មោះសេង សីហា អាយុ១៨ឆ្នាំ រៀនថ្នាក់ទី៩នៅក្នុងម៉ោងហាត់ប្រាណ សិស្សជាប់ចោទទាំង៣នាក់ បានប្រើពាក្យសំដីអាសអាភាសទៅលើនាងសេង សីហា ហើយថែមទាំងនាំគ្នាសើច ហ៊ោកញ្ជៀវ នាំឱ្យ នាងមានការខ្មាសអៀនជាខ្លាំងទៀតផង ។ បន្ទាប់ពីរងនូវការប្រមាថមើលងាយនោះមក នាងបានរត់ ទៅប្រាប់បងប្រុសឈ្មោះយូ សេង រៀនថ្នាក់ទី១២នៅវិទ្យាល័យស្ទឹងហាវ ។ ពេលនោះបងប្រុស របស់នាងបានទៅសួរនាំសិស្សប្រុសទាំង៣នាក់ បណ្ដាលឱ្យកើតមានការប្រទូស្ដរ៉ាយគ្នា តែពុំមានភាគីណា មួយរងរបួសឡើយ ដោយសារមានការអន្ដរាគមន៍ពីលោកគ្រូ អ្នកគ្រូនិងកងកំលាំងសមត្ថកិច្ច ។
លោកខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវឱ្យដឹងថា សិស្សទាំង៣នាក់នោះតែងតែបង្កសកម្មភាព បែបជាក្រុមអ្នកលេង ហើយរូបលោកនិងលោកគ្រូអ្នកគ្រូធ្លាប់ហៅទៅអប់រំណែនាំជាច្រើនលើក តែពួកគេ នៅតែមិនស្ដាប់ ។ ពេលនេះសាលាក៏សំរេចប្រគល់ទៅឱ្យសមត្ថកិច្ចជាអ្នកអប់រំម្ដង ។
for this post
Leave a Reply