ពេលផឹកស្រាស្រវឹងនឹកចង់រួមរ័កទាំងថ្ងៃ ប្រពន្ធប្រកែកមិនព្រមកាប់១កាំបិត
ខេត្ដកណ្ដាល ៖ បុរសម្នាក់ត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកតាខ្មៅធ្វើការឃាត់ខ្លួន ខណៈដែលគេផឹកស្រាស្រវឹង ហើយចង់រួមរ័កជាមួយប្រពន្ធ តែប្រពន្ធមិនព្រមក៏មានចិត្ដខឹងសម្បា ទាញកាំបិតប៉័ងតោកាប់ប្រពន្ធ ចំក្បាលមួយកាំបិតបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២៧ ឧសភា នៅចំណុចភូមិ ស្ទឹងជ្រៅ ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្ដកណ្ដាល។ លោកអនុសេនីយ៍ទោកេត វ៉ាន់ថា នាយប៉ូលិស ផ្នែកព្រហ្មទណ្ឌស្រុកតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួននេះ ឈ្មោះ អ៊ុំ ស៊ីពៅ ហៅឈឹម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្ដកណ្ដាល ជាកម្មករសំណង់។ ចំណែកស្ដ្រីរងគ្រោះដែលត្រូវជាប្រពន្ធនោះ ឈ្មោះលេខ ស៊ន អាយុ៣៦ឆ្នាំ បានរងរបួស មួយកាំបិតចំក្បាលដេរជាង១០ថ្នេរ។ គួរបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធនេះធ្លាប់មានទំនាស់គ្នាយ៉ាងខ្លាំងម្ដងរួច មកហើយកាលពីឆ្នាំ២០០០ គឺពេលនោះប្រពន្ធបានជះទឹកអាស៊ីតមកលើប្ដីបណ្ដាលឱ្យខូចភ្នែកមួយចំហៀង ហើយស្ដ្រីរូបនេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាការចំនួ៤ឆ្នាំ ដែលពេលនេះទើបចេញពីពន្ធនាគារ មិនបាន២ឆ្នាំផងទេ ក៏ឈ្លោះគ្នាទៀត ។
តាមការរៀបរាប់របស់ស្ដ្រីជាប្រពន្ធ ដែលរងគ្រោះរូបនេះបានឱ្យដឹងថា តាំងពីរូបគាត់ចេញពីពន្ធនាគារ វិញមកគឺគ្មានទំនាក់ទំនងជាមួយប្ដីឡើយ ព្រោះខឹងនឹងប្ដីកាលពីរូបគាត់ជាប់ពន្ធនាគារ៤ឆ្នាំនោះ ប្ដីមិន បានចេញចូលសួរសុខទុក្ខម្ដងណាទេ។ លុះនៅថ្ងៃកើតហេតុ ប្ដីរូបនោះបានផឹកស្រាស្រវឹង រួចមកញ៉េះញ៉ោះ ចង់រួមស្នេហ៍ជាមួយគាត់ តែគាត់មិនព្រម ហើយប្ដីរូបនោះបានជេរប្រមាថគាត់ រួចយកកាំបិតមក កាប់តែម្ដង ។ នៅចំពោះមុខប៉ូលិស ជនដៃដល់ជាប្ដីបានសារភាពផងដែរថា ខ្លួនពិតជាបានកាប់ប្រពន្ធ ពិតប្រាកដមែន មូលហេតុដោយខឹងប្រពន្ធមិនព្រមរួមរ័កជាមួយ ហើយថែមទាំងជេរប្រមាថមកលើខ្លួន និងទះពីរកំផ្លៀងថែមទៀត ទើបទ្រាំលែងបានក៏ទាញកាំបិតមកកាប់មួយកាំបិតចំក្បាលតែម្ដង ។ ជន សង្ស័យរូបនេះត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រុកតាខ្មៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដ ។
for this post
Leave a Reply