ក្មេងអន្ធពាល៣នាក់ជំរិតទារលុយពីសិស្ស១១នាក់បាន២,៥០០រៀល
ខេត្ដកំពង់ចាម ៖ ក្រោមបញ្ជារបស់ លោកឯម កុសល អធិការប៉ូលិសស្រុកមេមត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃុំមេមត់បានចេញប្រតិបត្ដិការបង្ក្រាបក្មេងអន្ធពាល១ក្រុមមានគ្នា៣នាក់ ដែលសំឡុតជំរិតទារប្រាក់ពី សិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ចំនួន២.៥០០រៀល រួចនាំមកកាន់អធិការដ្ឋានស្រុក ដើម្បី សួរនាំកាលពីល្ងាចថ្ងៃទី២៧ ឧសភា ។ មន្ដ្រីប៉ូលិសស្រុកមេមត់បានឱ្យដឹងថា ជនអន្ធពាលទាំង៣នាក់ នោះរួមមាន១-ឈ្មោះ ឈឿន វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិមេមត់កណ្ដាល ឃុំមេមត់ (ជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារ) ២-ឈ្មោះ លាភ ឡាយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ មេមត់ផ្សារ ឃុំមេមត់ និង៣-ឈ្មោះអាង អ៊ិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងឃុំមេមត់ ។
ប្រភពដដែលបន្ដថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ឧសភា ២០០៧ នៅក្នុងបរិវេណ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ មានសិស្ស១ក្រុមមានគ្នាចំនួន១១នាក់ កំពុងនាំគ្នាលេងបាល់បោះ។ ខណៈនោះស្រាប់តែមានក្មេងអន្ធពាល១ក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ មកសំឡុតគំរាមជំរិតទារប្រាក់ បានចំនួន២.៥០០រៀល បន្ទាប់មកក៏នាំគ្នាបំរុងគេចទៅក្រៅវិញ។ យ៉ាងណាក៏ដោយ ពេលនោះមានសិស្ស ខ្លះបានទៅប្ដឹងប៉ូលិសប៉ុស្ដិ៍ទាន់ពេល ទើបឈានទៅធ្វើការឃាត់ខ្លួនបាន៣នាក់ ដូចមានរាយឈ្មោះខាងលើ ឯម្នាក់ទៀតឈ្មោះប៉េង ក្រួច ភេទប្រុស ជាអ្នកប្រមូលលុយពីសិស្សបានរត់គេចខ្លួនបាត់ ។
ជនឈ្មោះឈឿន វុទ្ធី បានឆ្លើយសារភាពថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ឧសភា រូបគេនិង ឈ្មោះឡាយ ព្រមទាំងបក្សពួក២នាក់ទៀត បាននាំគ្នាផឹកស្រានៅផ្ទះឈ្មោះមុំ ភេទស្រី នៅភូមិមេមត់ផ្សារ ឃុំមេមត់ ។ បន្ទាប់មកពេលនាំគ្នាទៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ឃើញឈ្មោះឆៃ ហ៊ាន ក៏សុំ លុយ៥០០រៀល ខណៈនោះឈ្មោះក្រួចស្រែកថា “មិនបាច់សុំទេ យកតែម្ដងទៅ” ។ ពេលនោះឈ្មោះហ៊ាន ក៏ឈប់លេងបាល់ព្រោះភ័យខ្លាចគេវាយ និងឱ្យលុយចំនួន៥០០រៀល ទៅឈ្មោះក្រួច ចំណែករូបគេ បានឌុបឈ្មោះ អ៊ិត ចេញពីក្នុងបរិវេណវិទ្យាល័យ ឯចំពោះរឿងអ្វីផ្សេងទៀតពុំបានដឹងទេ ។
នៅក្នុងពាក្យបណ្ដឹងរបស់យុវសិស្ស ឈ្មោះពេញ សុវិទ្យា អាយុ១៦ឆ្នាំ បញ្ជាក់ថា នៅល្ងាចថ្ងៃទី២៧ ឧសភា ខណៈពេលរូបគេនិងមិត្ដភក្ដិ១០នាក់ទៀត នាំគ្នាលេងបាល់បោះ ស្រាប់តែមានមនុស្ស៤នាក់ ជិះម៉ូតូ២គ្រឿង ចូលមកអុកឡុកក្នុងតារាងបាល់ ហើយស្រែកសំឡុតតំរូវឱ្យលុយម្នាក់ៗ៥០០ បើមិន បានទេនោះនឹងវាយ។ ពេលនោះដោយខ្លួនភ័យពេកក៏ឱ្យអស់១.០០០រៀល ឯឈ្មោះឯម វឌ្ឍនា ឱ្យ ៥០០រៀល និង២នាក់ទៀតក៏ឱ្យដែរ សរុបចំនួន២.៥០០រៀល បន្ទាប់មកឈ្មោះប៉េង ក្រួច ដែលជាមេខ្លោង ប្រមូលលុយបានគេចខ្លួនបាត់ ។
មន្ដ្រីប៉ូលិសបានបន្ថែមថា ជនទាំង៣នាក់ត្រូវបានបញ្ជូនមកស្នងការដ្ឋានខេត្ដដើម្បីចាត់ការបន្ដតាមច្បាប់។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply