កម្ពុជាបានចុះកិច្ចព្រមព្រៀងអាកាសចរណ៍ជាមួយប្រទេសចំនួន២៨
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន បានមានប្រសាសន៍ថា នៅដើមខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំពេញអង្គមួយនៅក្នុងតុលាការ ពិសេសកាត់ទោសអតីតមេដឹកនាំ ខ្មែរក្រហម ដើម្បីពិភាក្សានិងបោះឆ្នោតបង្កើតបទបញ្ជាផ្ទៃក្នុងរបស់តុលាការវិសាមញ្ញនេះ ហើយលោក សង្ឃឹមថា នៅពេលនោះនឹងមានការឯកភាពគ្នាក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យចេញជាស្ថាពរ ។
លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន បានមានប្រសាសន៍បែបនេះប្រាប់លោក Katsu-hiro SHINOHARA ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ២៨ ឧសភា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោកបានបន្ដថា យោងតាមស្មារតី នៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងកម្ពុជានោះ បាននិយាយថា ជនជាប់ចោទទាំងអស់មានសិទ្ធិជ្រើសរើសមេធាវីបានតាមតែគេពេញចិត្ដ ។ ដូច្នេះហើយ ទើបពេលនេះកម្ពុជាបានខិតខំធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នារវាងមេធាវីបរទេស និងគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចទទួលយកបាននូវការបង់កំរៃមួយដែលសមរម្យ ។
លោកសុខ អាន បានជំរាបជូនលោកឯកអគ្គរាជទូតជប៉ុនថា យោងតាមតំរូវការរបស់អង្គការពាណិជ្ជកម្ម ពិភពលោក បានតំរូវឱ្យកម្ពុជាបង្កើតឱ្យមានតុលាការពាណិជ្ជកម្មមួយដែលបច្ចុប្បន្ន កម្ពុជាកំពុងរៀបចំ ដូចជាច្បាប់ពាណិជ្ជកម្មសភាបានអនុម័តរួចហើយ រួមមានទាំងក្រមរដ្ឋប្បវេណីផងដែរ ។ ដូច្នេះនៅសល់ តែការសំរបសំរួលរវាងក្រុមប្រឹក្សា កំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការ និង ក្រសួងយុត្ដិធម៌ទៀតទេ ដើម្បីធ្វើយ៉ាងណា ឱ្យច្បាប់ស្ដីពីការបង្កើតតុលាការពាណិជ្ជកម្មនេះមានភាពរលូនស៊ីសង្វាក់គ្នាទៅនឹងច្បាប់ ពាណិជ្ជកម្ម ហើយនិងច្បាប់រដ្ឋប្បវេណី ។
លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន បានស្នើសុំឱ្យលោកឯកអគ្គរាជទូតជួយជំរុញអ្នកវិនិយោគជប៉ុនឱ្យមក វិនិយោគនៅកម្ពុជាឱ្យបានច្រើន ពីព្រោះបន្ដិចទៀតកម្ពុជានឹងមានភាពរឹងមាំក្នុងការរៀបចំច្បាប់ ពាណិជ្ជកម្មហើយ។ ក្រៅពីនេះលោកសុខ អាន បានសុំឱ្យជប៉ុនជួយជំរុញឱ្យបានឆាប់ក្នុងការចាប់ផ្ដើម សាងសង់ស្ពានអ្នកលឿងតាមតែអាចធ្វើទៅបាន។ ចំណែកឯលោកឯកអគ្គរាជទូតជប៉ុនវិញ បានតបថា រាជរដ្ឋាភិបាលជប៉ុនត្រូវការពេលវេលាច្រើនណាស់ក្នុងការសាងសង់ស្ពានអ្នកលឿងនេះ ពីព្រោះស្ពាននេះ វែង គឺមានប្រវែងជាង២ពាន់ម៉ែត្រឯណោះ និងចំណាយទឹកប្រាក់រហូតដល់ជាង៧០លានដុល្លារ ។
លោកសុខ អាន បានជំរាបជូនលោកឯកអគ្គរាជទូតបន្ដថា កន្លងមកចំនួនអ្នកទេសចរជប៉ុននៅកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខមួយ តែបច្ចុប្បន្នចំណាត់ថ្នាក់នេះបានធ្លាក់ចុះទៅហើយ ដូច្នេះលោកបានស្នើ សុំឱ្យជប៉ុនធ្វើការពិចារណារៀបចំកិច្ចព្រមព្រៀងមួយថ្មី ដើម្បីទំនាក់ទំនងខាងអាកាសចរណ៍ជាមួយ កម្ពុជា។ បច្ចុប្បន្នកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានរៀបចំដូចគ្នារួចរាល់អស់ ហើយប៉ុន្ដែមិនទាន់មាន ការពិនិត្យរួមគ្នានៅឡើយ ។
លោកសុខ អាន បានបញ្ជាក់ថា កិច្ចព្រមព្រៀងទ្វេភាគីស្ដីអំពីបញ្ហាអាកាសចរណ៍នេះ កម្ពុជាបានចុះ កិច្ចព្រមព្រៀងជាមួយប្រទេសចំនួន២៨រួចហើយ ហើយកម្ពុជាក៏ចង់បានកិច្ចព្រមព្រៀងបែបនេះជាមួយ ប្រទេសជប៉ុនដែរ ព្រោះជាមហាអំណាចសេដ្ឋកិច្ចដ៏ធំនៅអាស៊ី ។
Labels: សេដ្ឋកិច្ច
for this post
Leave a Reply