ជនស្ទាវអ្នកលេងដាវសាមូរ៉ៃ៣នាក់ប៉េអឹមចាប់កោរត្រងោល
ក្រុងព្រះសីហនុ ៖ ក្រុមយុវជនអ្នកលេងដាវសាមូរ៉ៃចំនួន៣នាក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌមិត្ដភាព ធ្វើការឃាត់ខ្លួនយកមកកោរត្រងោលអប់រំព្រមានកុំឱ្យតាំងខ្លួនជាជនពាល ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈសង្គមជាតិ ក្រោយពីក្រុមជនអន្ធពាលទាំងនេះធ្វើសកម្មភាពដេញកាប់ចាក់គេឯងរួចមក ។ ការ ឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ឧសភា វេលាម៉ោង២២និង៣៥នាទីយប់ នៅត្រង់ចំណុច ផ្ទះជួលមួយកន្លែងក្នុងតំបន់រោងចក្រយូស៊ីនស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្ដភាព ក្រុងព្រះសីហនុ ។
លោកអនុសេនីយ៍ឯក ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមិត្ដភាពបានឱ្យដឹងថា ជនអន្ធពាល ទាំង៣នាក់នេះ មាន ១-ឈ្មោះមុត ភាស់ អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកឈូក ខេត្ដកំពត ។ ២-ឈ្មោះសែន ផានិត អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុក កំណើតនៅស្រុកត្រាំកក់ ខេត្ដតាកែវ និង៣-ឈ្មោះឆេង ឌឿន អាយុ២៨ ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្ដកំពត បច្ចុប្បន្នអ្នកទាំង៣ស្នាក់នៅផ្ទះជួលខាងលើ ។ លោក អនុសេនីយ៍ឯកហ៊ត សីហា បានបន្ដថា នៅមុនពេលកើតហេតុ ជនទាំង៣នាក់នេះនាំគ្នាអង្គុយផឹកស្រា ថ្នាំនៅមុខផ្ទះជួលដែលពួកគេស្នាក់នៅតាំងពីរសៀល ថ្ងៃទី ២៧ ឧសភា ។ លុះដល់ម៉ោង២២យប់ ខណៈ ពេលកំពុងផឹកស៊ីស្រាប់តែឃើញជនរងគ្រោះម្នាក់ឈ្មោះ សៀង វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ ជាជាង សំណង់ មានស្រុកកំណើតនៅស្រុកឈូក ខេត្ដកំពត ទើបត្រឡប់មកពីធ្វើការដើរកាត់មុខពួកគេ “ជនអន្ធពាល”។ ពេលនោះឈ្មោះ មុត ភាស់ ក៏ស្ទុះទៅវាយទាត់ធាក់លើជនរងគ្រោះយ៉ាងចាស់ដៃ មិនតែ ប៉ុណ្ណោះក្រុមនេះបានរត់ចូលទៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន រួចទាញយកដាវសាមូរ៉ៃបំរុងកាប់ចាក់ទៅលើ ជនរងគ្រោះ ប៉ុន្ដែពេលនោះជនរងគ្រោះក៏រត់គេចទៅសម្ងំលាក់ខ្លួនក្នុងបន្ទប់ផ្ទះជួល ហើយមួយសន្ទុះ ក្រោយមកជនអន្ធពាលទាំង៣នាក់ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅឃាត់ខ្លួន យកមកទីបញ្ជាការ ដើម្បីអប់រំកុំឱ្យធ្វើខ្លួនជាជនអន្ធពាលទៀត។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply