ច្រកសំរាប់នរោត្ដម រណឫទ្ធិលោកយូ ហុកគ្រី ជំរុញឱ្យសម្ដេចក្រុមព្រះទទួលស្គាល់ទោស១៨ខែសិន
រាជធានីភ្នំពេញ ៖ លោកយូ ហុកគ្រី ដែលទើបបង្ហាញមុខនៅក្នុងពិធីប្រកាសតែងតាំងជាអគ្គលេខាធិការ បស់គណបក្ស នរោត្ដម រណឫទ្ធិ កាលពីថ្ងៃទី២៩ ខែឧសភា បានថ្លែងថា “ការលើកលែងទោសទាល់តែ ទទួលទោសជាមុនសិន ហើយរឿងនេះមិនទាន់ចប់ឧទ្ធរណ៍នៅឡើយទេ ព្រោះវាត្រូវមានសាលក្រមមួយ ជាស្ថាពរទទួលស្គាល់ទោស ឬមិនទទួលស្គាល់ទោស ហើយសាលក្រមនោះគេអាចយកទៅធ្វើជាសំអាង”។ លោកថ្លែងទៀតថា គណបក្សនរោត្ដម រណឫទ្ធិ នឹងបន្ដប្ដឹងទៅឧទ្ធរណ៍ទៀត ដើម្បីបញ្ចប់រឿង តែលោក មិនបញ្ជាក់ពីនីតិវិធីនោះនៅឡើយទេ ។ លោកយូ ហុកគ្រី បានថ្លែងបែបនេះ នៅក្នុងពិធីមួយ ដែលលោកត្រូវបានសម្ដេចក្រុមព្រះតែងតាំងជាអគ្គលេខាធិការរបស់គណបក្សនរោត្ដម រណឫទ្ធិ នៅឯ ខុទ្ទកាល័យគណបក្ស ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលកំពុងស្នាក់នៅឯបរទេស បានសំរេចតែងតាំង លោកយូ ហុកគ្រី ជាអគ្គលេខាធិការ ជាសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស នរោត្ដម រណឫទ្ធិ តាមរយៈលិខិតចុះថ្ងៃទី២៧ ឧសភា ឆ្នាំ ២០០៧ ។ ជាមួយគ្នានេះដែរ សម្ដេចក្រុមព្រះ ក៏បានសំរេចតែងតាំងលោកឈឹម សៀកឡេង ជាអនុប្រធាននៃគណបក្ស នរោត្ដម រណឫទ្ធិផងដែរ។ ទោះបី ជាយ៉ាងណាក៏ដោយ មន្ដ្រីគណបក្សនរោត្ដម រណឫទ្ធិ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ គណបក្សនេះមានអគ្គលេខាធិការមួយរូប និងអគ្គលេខាធិការរង៤រូប ឯអនុប្រធានពីររូប ។
លោកយូ ហុកគ្រី បានឱ្យដឹងទៀតថា មានការស្នើសុំពីប្រជាពលរដ្ឋធ្វើញត្ដិទូលថ្វាយព្រះមហាក្សត្រ រួចហើយ តែនៅមិនទាន់មានចំលើយពីសម្ដេចនាយករដ្ឋមន្ដ្រីនៅឡើយទេ ។ លោកបន្ដថា “យើងនឹង ចាំមើលតទៅទៀតសិនថា តើការវិវត្ដន៍វាទៅដល់ណា ហើយយើងនឹងត្រៀមដំណើរសមស្របមួយ ទៀត”។ លោកបន្ដថា រឿងនេះវាមិនចប់នៅឡើយទេ ព្រោះនៅមានបណ្ដឹងឧទ្ធរណ៍ទៀត។ គេនៅចាំ បានថា កាលពីថ្ងៃទី១២ ឧសភា គណៈកម្មការមួយក្រុមរបស់គណបក្សនរោត្ដម រណឫទ្ធិ បានចូលគាល់ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងការស្វែងរកការលើកលែងទោស ពីព្រះមហាក្សត្រថ្វាយដល់សម្ដេចក្រុមព្រះ ។
សម្ដេចក្រុមព្រះ បានសំរេចតែងតាំង លោកឈឹម សៀកឡេង ជាអនុប្រធានគណបក្សនរោត្ដម រណឫទ្ធិ តាមរយៈលិខិតចុះ ថ្ងៃទី២៤ ឧសភា ឆ្នាំ២០០៧។ លោកឈឹម សៀកឡេង បានថ្លែងថា សម្ដេចក្រុមព្រះ បានតែងតាំងរូបលោកជាអនុប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ក្នុងគោលបំណងកែលំអរចនាសម្ព័ន្ធដឹកនាំ ការគ្រប់គ្រងគណបក្ស នរោត្ដម រណឫទ្ធិ ដែលទើបតែប្រសូតថ្មី ឱ្យកាន់តែមានភាពរឹងមាំជាបណ្ដើរៗ ដើម្បី ឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសាកលឆ្នាំ២០០៨នាពេលខាងមុខ ។
លោកឈឹម សៀកឡេង បន្ដថា “ការប្រមូលសមាជិក សមាជិកា ដែលមានភក្ដីភាព និងគាំទ្រចំពោះ សម្ដេចក្រុមព្រះ មានការលំបាកណាស់ ព្រោះមានការប្រទាញប្រទង់ពីពួកបក្សប្រហារ ។ មុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានស្ថានភាពស្មុគស្មាញដោយសារការរារាំងមិនឱ្យសម្ដេចក្រុមព្រះ យាងចូលមាតុភូមិវិញដែរ ដែលធ្វើឱ្យអគ្គលេខាធិការដ្ឋាន និងខុទ្ទកាល័យមានភារកិច្ចមមាញឹកក្នុងការតវ៉ា ទាមទាររកយុត្ដិធម៌ថ្វាយព្រះអង្គ” ។
លោកយូ ហុកគ្រី បានថ្លែងទៀតថា ចំពោះមុខតំណែងរបស់សម្ដេចមហិស្សរា នរោត្ដម ច័ក្រពង្ស់ នៅតែ ជាអនុប្រធានទី១ នៃគណបក្សដដែល ហើយមិនទាន់មានការផ្លាស់ប្ដូរទេ ។ លោកបន្ដថា លោកនឹងរៀបចំ រចនាសម្ព័ន្ធផ្ទៃក្នុងគណបក្សឱ្យបានច្បាស់លាស់ថា តើអ្នកណាត្រូវធ្វើអ្វីខ្លះ ហើយត្រូវជ្រើសរើសអ្នកដែល មានសមត្ថភាពត្រឹមត្រូវដឹកនាំនៅក្នុងការិយាល័យនីមួយៗ ។ បើយើងមានតែរចនាសម្ព័ន្ធ មានតែតួនាទី និងភារកិច្ច ប្រសិនបើយើងគ្មានមនុស្សដែលមានសមត្ថភាពសមស្រប ក៏យើងមិនអាចដំណើរការទៅ បានល្អដែរ។ លោកអះអាងថា “ខ្ញុំថាការងារនេះវាលំបាក តែខ្ញុំត្រូវតែខិតខំពុះពារ ដើម្បីឱ្យអគ្គលេខា ធិការដ្ឋាននេះដើរទៅមុខស្រួល...” ។
លោកយូ ហុកគ្រី បានរំលឹកអំពីអតីតកាលដែលរូបលោកត្រូវបានដកតំណែងពីអនុ ប្រធានទី២ ដែលតួនាទី នេះមិនអាចដកបានទេ តែគេបានរកគ្រប់វិធីដកលោកហើយ ពេលនោះក្រោយសមាជ អគ្គលេខាធិការ ញឹក ប៊ុនឆៃ សួរលោកថា គាំទ្រសមាជថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ ឬអត់? បើមិនគាំទ្រដកតំណែង អនុប្រធានទី២។ លោកបន្ដថា “...នៅស្នាក់ការហ្វ៊ុនស៊ិនប៉ិចនោះ អគ្គលេខាធិការហ្វ៊ុនស៊ិនប៉ិចថា ត្រូវដក ចេញហើយ។ ខ្ញុំបានលាឈប់ពីអនុប្រធាន ហើយខ្ញុំមិនចង់អង្គុយនៅកន្លែងដែលគ្មានកិត្ដិយសនោះទេ”។
លោកនូវ សុវត្ថិរ៉ូ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ថា លោកយូ ហុកគ្រី ត្រូវ បានគណបក្សហ្វ៊ុនស៊ិនប៉ិចសំរេចបណ្ដេញចេញកាលពីថ្ងៃទី១១ ឧសភា កន្លងទៅរួចមកហើយ ។ លោក បន្ដថា “លោកយូ ហុកគ្រី មិនក្លាហានចេញមុខប្រកាសដូចនេះ ក្រោយពេលសមាជថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ ហើយលោកទើបតែមកប្រកាសនៅពេលលោកបានទទួលតំណែងជាអគ្គលេខាធិការ របស់ គណបក្ស នរោត្ដម រណឫទ្ធិ នៅពេលនេះ ដែលវាហាក់ដូចជាអណ្ដើកក្នុងស្នូកអ៊ីចឹងដែរ...” ។ លោកបានបន្ដ ទៀតថា ក្រៅពីលោកយូ ហុកគ្រី គណបក្សហ្វ៊ុនស៊ិនប៉ិចមិនមានគំរោងបណ្ដេញសមាជិកណាផ្សេងទៀតទេ បើទោះបីជាយើងបានដឹងថា មានអ្នកមួយចំនួនជាមុខសញ្ញាក្ដី តែយើងទុកឱ្យពួកគាត់កែប្រែខ្លួន ។
សម្ដេចក្រុមព្រះបានមានបន្ទូលតាមរយៈលិខិតចុះថ្ងៃទី២២ ឧសភា ថា “ខ្ញុំមិនដែលបានទទួលស្គាល់ លទ្ធផល នៃការផ្លាស់ប្ដូររចនាសម្ព័ន្ធចាត់តាំងដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកើតចេញពីព្រឹត្ដិការណ៍ ថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ ដែលបានរំលោភលើលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច នោះទេ ”។ ព្រះអង្គបន្ដថា លោកកែវ ពុទ្ធរស្មី បានថ្លែងថា សម្ដេចក្រុមព្រះនៅតែជាអគ្គមគ្គុទេសក៍ ប្រវត្ដិសាស្ដ្រនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្មាននរណាអាចដកហូតបានឡើយ ។ ព្រះអង្គបានឱ្យដឹងទៀត ថា ដើម្បីចៀសវាងការខូចខាតដែលព្រះអង្គនឹងអាចទទួលពីការបំភាន់មតិសាធារណៈ ដូច្នេះគណបក្ស ហ្វ៊ុនស៊ិនប៉ិចត្រូវរៀបចំសមាជយ៉ាងយូរ៣០ថ្ងៃ ដើម្បីដកការតែងតាំងព្រះអង្គជាមគ្គុទេសក៍ប្រវត្ដិសាស្ដ្រ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ហើយបើសិនមិនអនុវត្ដតាមការស្នើសុំទេ ព្រះអង្គនឹងស្នើឱ្យមានវិធានការ ផ្លូវច្បាប់ ។
លោកមុត ចន្ថា អ្នកនាំពាក្យគណបក្ស នរោត្ដម រណឫទ្ធិ បានមានប្រសាសន៍ថា តាមរយៈមេធាវីរបស់ គណបក្សបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍រួចរាល់ហើយ ចំពោះករណីសម្ដេចក្រុមព្រះ បន្ទាប់ពីតុលាការ ក្រុងភ្នំពេញបានកាត់ទោសព្រះអង្គឱ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្ដ១៥ម៉ឺនដុល្លារ ទៅគណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃ ទី១៣ មីនា ឆ្នាំ២០០៧ ដោយកំបាំងមុខព្រះអង្គ ។
Labels: នយោបាយ
for this post
Leave a Reply