ខឹងយកឈ្មោះកងពលមកប្រើដើម្បីដឹកឈើ...ចាប់ព្រមានម្ដង
ខេត្ដសៀមរាប ៖ រថយន្ដកង់១០ដឹកឈើប្រណីត១គ្រឿង ត្រូវកងកំលាំងកងពលធំអន្ដរាគមន៍លេខ២ ប្រដាប់ដោយអាវុធគ្រប់ដៃចាប់នាំយកទៅរក្សាទុកក្នុងទីបញ្ជាការរបស់ខ្លួន ។ ហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០០៧ នៅភូមិកំព្រំ ឃុំឈុនរៀម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា រថយន្ដដឹកឈើនោះ ម៉ាកហ៊ីណូ ពណ៌ត្រួយចេក គ្មាន ស្លាកលេខ ។
រថយន្ដនោះដឹកឈើប្រណីតពីស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦៧ តែពុំ បានឈប់ឱ្យមន្ដ្រីរដ្ឋបាលព្រៃឈើនៃសង្កាត់នីមួយៗតាមដងផ្លូវត្រួតពិនិត្យទេ។ ពេលទៅដល់ចំណុចកើត ហេតុនោះក៏ត្រូវមេព្រៃសង្កាត់ថ្នាលរង្វាស់ និងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ទាក់ចាប់ ក្នុងនោះក៏មាន លោកឧត្ដមសេនីយ៍ត្រី ឈន ឆន មេបញ្ជាការរងកងពលធំអន្ដរាគមន៍លេខ២ ជិះរថយន្ដពីក្រោយផងដែរ។ ខណៈនោះឃើញទាហានម្នាក់ឈ្មោះសៀ រឿន ដែលជាអ្នករត់ការយកលិខិតអនុញ្ញាតច្បាប់មកបង្ហាញ លោកមេព្រៃនិងលោកមេបញ្ជាការរងកងពល ។ ក្រោយពីទទួលបានលិខិតនោះ លោកឧត្ដមសេនីយ៍ ត្រីបានបើករថយន្ដទៅបាត់ លុះមួយសន្ទុះក្រោយមកឃើញកងកំលាំងទាហានប្រដាប់ដោយកាំភ្លើងវែង គ្រប់ដៃមករឹបអូសរថយន្ដដឹកឈើប្រណីតពីសមត្ថកិច្ចមេព្រៃ យកទៅរក្សាទុកនៅទីបញ្ជាការកងពលធំ អន្ដរាគមន៍លេខ២ ។
ទាហានម្នាក់សូមមិនឱ្យបញ្ចេញឈ្មោះ បានឱ្យដឹងថា លោកមេបញ្ជាការរងខឹងខ្លាំងណាស់ ព្រោះមួយរយៈ កន្លងមកមានរថយន្ដដឹកឈើជាច្រើនបានយកឈ្មោះកងពលមកប្រើ សំរាប់ការដឹកឈើល្មើសច្បាប់របស់ពួក គេដែលធ្វើឱ្យមានការប៉ះពាល់ដល់កិត្ដិយសកងពលយ៉ាងខ្លាំង ដូច្នេះត្រូវតែចាប់ដើម្បីបញ្ជាក់ពីភាពស្អាត ស្អំ ។
តាមបុរសឈ្មោះសៀ រឿន ដែលជាអ្នករត់ការឱ្យដឹងថា ឈើប្រណីតនៅក្នុងរថយន្ដ ហ៊ីណូនោះមានចំនួន ៥ម៉ែត្រគូប បានដឹកមកពីស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ឆ្ពោះទៅផ្ទះមួយនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។ ឈើនេះជាឈើរបស់លោកពេជ្រ គឹមស្រាង មានចំនួនសរុប២០ម៉ែត្រគូប ត្រូវដឹក៣រថយន្ដ ក្នុងនោះរថយន្ដដែលបានចាប់នេះ ដឹក៥ម៉ែត្រគូប ។ ដោយឡែករថយន្ដ២គ្រឿងទៀតគឺ មួយគ្រឿងដែលទៅមុនបាត់ផ្ទុកឈើ១០ម៉ែត្រគូប និងរថយន្ដចុងក្រោយដឹក៥ម៉ែត្រគូបទៀត ។ អ្នករត់ ការអះអាងថា គេចាប់ទៅណាក៏ចាប់ទៅ ព្រោះឈើមានច្បាប់ ណាមួយឈើលោកធំផង (Sic) ។
ប្រជាពលរដ្ឋឆ្ងល់ថា គេបានច្បាប់ដឹកឈើមកពីណា បានជាដឹកម្ដងៗពី២ទៅ៣រថយន្ដបែបនេះ តើព្រៃ សម្បទានស្រុកខ្មែរនៅមានទៀតឬ? បើនិយាយពីឈើសាលក្រមមិនដឹងជាដាក់ដេញថ្លៃលក់ឡៃឡុង ប៉ុន្មានម៉ឺនម៉ែត្រគូបមកហើយទេ តែឈើសាលក្រមនៅតែមានដដែល។ គេឆ្ងល់ទៀតថាតើអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលមានលោកវណ្ណ សុផាណ្ណា ជាប្រធាន បានឈើពីណាច្រើន ដល់ថ្នាក់ហ្នឹងមកដាក់ឱ្យដេញថ្លៃម្ដងហើយម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា ជុំវិញការចាប់ឈើលើក ក្រោយនេះពុំទាន់មានប្រភពព័ត៌មានណាមួយច្បាស់ការណ៍អះអាងថា លោកឧត្ដមសេនីយ៍ត្រីឈន ឆន មេបញ្ជាការរងកងពលធំអន្ដរាគមន៍លេខ២ ដោះស្រាយយ៉ាងនោះទេ ព្រោះពុំអាចសុំទាក់ទងបាន។
Labels: បរិស្ថាន, សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply