ក្រុមព្រះអង្គម្ចាស់ត្រូវបានចោទប្រកាន់ទៅតុលាការក្រុង
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានធ្វើការបង្ហាញមុខ និង ទំលាយរឿងរ៉ាវរបស់ ក្រុមព្រះអង្គម្ចាស់ជាប់ចោទពីបទប្រើប្រាស់អាវុធ(ដាវ)ខុសច្បាប់ ដែលពួកគេប្រមូលផ្ដុំគ្នា ហើយត្រូវ បានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ឧសភា នោះ ។ នៅរសៀលថ្ងៃទី២៩ ឧសភា នគរបាលខណ្ឌ ៧មករាបានបង្ហាញមុខព្រះអង្គម្ចាស់១អង្គ និងរាស្ដ្រសាមញ្ញ៨នាក់ ដែលបានធ្វើការឃាត់ខ្លួននៅផ្ទះជួល មួយកន្លែងក្នុងសង្កាត់បឹងព្រលឹត ។ មនុស្សទាំង៩នាក់នោះ មាន១-ឈ្មោះនរោត្ដម ចារូច្រ័ក ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ដ្រីនគរបាលនាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះជួលលេខ54Eo ផ្លូវលេខ១១៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា, ៣-ឈ្មោះម៉ម សាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១C1 វិទ្យាល័យ បឹងកេងកងមានទីលំនៅក្នុងភូមិចំការដូង ខណ្ឌដង្កោ, ៤-ឈ្មោះ វាសនា ដារិន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១C2 វិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ៩៩Eo ផ្លូវលេខ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ, ៥-ឈ្មោះឈុន ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី9B វិទ្យាល័យសំពៅមាស ស្នាក់នៅផ្ទះលេខ១០១Eo វិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ៦-ឈ្មោះ អ៊ឹង វិទូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិស្លក្រាម ខេត្ដសៀមរាប សព្វថ្ងៃ ស្នាក់នៅផ្ទះសំណាក់លុច្ស អូរឫស្សីបន្ទប់លេខ៣០៣ សង្កាត់បឹងព្រលឹត ៧-ឈ្មោះវាសនា ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០Az វិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ៩៩Eo ផ្លូវលេខ២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ, ៨-ឈ្មោះជា សុថានិត្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ផ្ទះលេខ៩៤Eo ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និង៩-ឈ្មោះសម ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ4E1 ផ្លូវ៣៩៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ការបង្ហាញមុខយុវជន និងយុវនារីទាំង៩នាក់នោះ ត្រូវបានលោកវរសនីយ៍ត្រីយឹម ស៊ីមុនី អធិការនគរបាល ខណ្ឌ៧មករាឱ្យដឹងថា សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេ រួមទាំងព្រះអង្គម្ចាស់ម្នាក់ផងឡើង តុលាការក្រុងភ្នំពេញ ដោយបានធ្វើការចោទប្រកាន់ពីបទប្រើប្រាស់អាវុធ (ដាវ) ខុសច្បាប់ និងប្រមូល ផ្ដុំក្រុមបងតូចបងធំ ។ លោកអធិការបានបន្ដថា រយៈពេលជាង៣ខែនេះ ដែលមានឈ្មោះព្រះអង្គម្ចាស់ នរោត្ដម ចារូច័ក្រ បានទៅជួលផ្ទះលេខ៥៤Eo និងE1 នៅផ្លូវ១១៥ ក្នុងសង្កាត់បឹងព្រលឹតស្នាក់នៅ ឃើញថា មានក្រុមក្មេងស្ទាវពពាក់ពពូនគ្នាចេញចូលរហេតរហូតគ្មានសណ្ដាប់ធ្នាប់ទេ ។ ពេលស្នាក់នៅ អ្នកជួលបានធ្វើកិច្ចសន្យាជា មួយម្ចាស់ផ្ទះដែលបានរាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋានដឹង គឺមានតែមនុស្ស ៣នាក់ប៉ុណ្ណោះ តែក្រោយពីជួលហើយមានក្មេងស្ទាវប្រុសស្រីច្រើននាក់ចេញចូលខុសពីកិច្ចសន្យា ។ លោកអធិការមានប្រសាសន៍ ឱ្យដឹងទៀតថា ដោយឃើញសកម្មភាពក្មេងស្ទាវប្រុសស្រីចូលស្នាក់នៅ ពពាក់ពពូនពេលយប់ព្រលប់យ៉ាងដូច្នេះហើយទើបលោកឱ្យនគរបាលមូលដ្ឋានហៅម្ចាស់ផ្ទះ និងអ្នកជួល មកធ្វើការអប់រំណែនាំ ប៉ុន្ដែការណែនាំរបស់សមត្ថកិច្ចមូលដ្ឋានមិនត្រូវបានគេគោរពនោះទេ គឺគេថែមទាំង ផ្គើនមកលើសមត្ថកិច្ចទៀតផង។ ដោយសារទង្វើយ៉ាងដូច្នេះហើយ លោកបានស្នើសុំទៅថ្នាក់លើដែល មានតំណាងព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញផងនោះធ្វើការឆែកឆេរដើម្បីរកវត្ថុតាង និងបទល្មើស ហើយជាក់ស្ដែងសមត្ថកិច្ចយើងឃាត់ខ្លួនក្រុមក្មេងស្ទាវបាន៩នាក់ និងដាវដែលជាអាវុធខុសច្បាប់ចំនួន ៥ដើម។ ក្រោយពីមានការឃាត់ខ្លួនតាមចម្លើយរបស់យុវជនម្នាក់ឈ្មោះជា សុថានិត្យ បានសារភាពថា អាវុធទាំងអស់នេះខ្លួនបានទិញពីមនុស្សម្នាក់នៅម្ដុំផ្សារទួលទំពូង ដើម្បីទុកយកទៅប្រើប្រាស់ទប់ទល់ ជាមួយសត្រូវរបស់ខ្លួន ។ ឈ្មោះជា សុថានិត្យ កាលពីប៉ុន្មានខែមុនត្រូវក្រុមក្មេងស្ទាវមួយក្រុម ដែល នគរបាលខណ្ឌដង្កោចាប់ខ្លួនបានចំនួន១២នាក់នោះ ដេញកាប់រូបគេឱ្យមានរបួសដេរជាង៤០ថ្នេរ ។ បន្ទាប់ពី ស្នាមរបួសត្រូវបានជាសះស្បើយឈ្មោះជា សុថានិត្យ បានដាក់ពាក្យប្ដឹងដល់ក្រុមជនបង្កនោះទៅក្រសួង មហាផ្ទៃដើម្បីឱ្យជួយរកចាប់ខ្លួនជនដៃដល់ ។ ជាមួយនឹងការប្ដឹងឱ្យសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជន ដៃដល់នោះ ឈ្មោះជា សុថានិត្យ បានប្រមែប្រមូលបក្សពួក និងទិញដាវបំរុងទៅប្រយុទ្ធជាមួយក្រុមម្ខាង នោះវិញ ។ ក៏ប៉ុន្ដែសកម្មភាព និងគំរោងការដែលគេបំរុងប្រព្រឹត្ដនោះ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌ៧មករាទប់ស្កាត់ទាន់ កុំអីឈាមត្រូវហូរជោកដី ។
ជាមួយនឹងការបកស្រាយពីសំណាក់លោកអធិការយឹម ស៊ីមុនី ត្រូវបានព្រះអង្គម្ចាស់នរោត្ដម ចារូច្រ័ក ប្រាប់ឱ្យដឹងថា គេបានជួលផ្ទះខាងលើនេះ ស្នាក់នៅជាង៣ខែពិតមែន ដោយក្នុង១ខែតម្លៃ១៨០ដុល្លារ។ រឿងពួកស្ទាវ និងដាវសាមូរ៉ៃរូបព្រះអង្គម្ចាស់មិនបានពាក់ព័ន្ធទេ ព្រោះពួកនោះគេមិនដឹងថាមកពីណាផង ពេលគេកំពុងដេកនៅខាងលើស្រាប់តែមាននគរបាលចូលមកចាប់ខ្លួន ។
គួរបញ្ជាក់ថា ក្នុងពិធីបង្ហាញមុខក្រុមព្រះអង្គម្ចាស់ជាប់ចោទនោះនគរបាលខណ្ឌ៧មករា បានដាក់ខ្នោះដៃ ប្រតែងគ្នាទាំងអស់ មិនគិតថា ព្រះអង្គម្ចាស់ ឬក្មេងស្ទាវធម្មតានោះឡើយ ពីព្រោះថា នោះជាការងារការ ពារសន្ដិសុខរបស់សមត្ថកិច្ច ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply