ប្រជាពលរដ្ឋ៤៥គ្រួសាររីករាយពេលទទួលបានសាលក្រមយុត្ដិធម៌
ខេត្ដកណ្ដាល ៖ ប្រជាពលរដ្ឋ៤៥គ្រួសាររស់នៅក្នុងភូមិក្រឡឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល បាននាំគ្នាកាប់ឆ្ការព្រៃ និងដាំបង្គោលកំណត់ព្រំដីរួមក្រុមសាមគ្គីរបស់ខ្លួន បន្ទាប់ពីការ អនុវត្ដន៍សាលក្រមជាស្ថាពរកាលពីពេលថ្មីៗនេះ ដោយប្រគល់ដីដែលមានទំនាស់ជាមួយបុគ្គលពីរនាក់ប្ដី ប្រពន្ធ រំលោភយកជាច្រើនឆ្នាំហើយមកឱ្យពួកគាត់វិញ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ ។ ប្រជាពលរដ្ឋ បានឱ្យដឹងថា ដីរួមក្រុមសាមគ្គីនោះមានទំហំ១៩៩៨១,៧៥ម៉ែត្រការ៉េ ជាប្រភេទដីទួល និងដីស្រែ ហើយ ត្រូវបានបុគ្គលនោះរំលោភយកដោយឥតអៀនខ្មាសបង្កឱ្យមានការក្ដីក្ដាំគ្នាជាច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានបន្ដថា បុគ្គលដែលបានរំលោភយកដីរបស់ពួកគាត់នោះឈ្មោះភួង ភិន និងប្រពន្ធ ឈ្មោះញឹប យន់ ជាអ្នកភូមិត្រញំងសុពណ៌ ឃុំឆក់ឈើនាង ជាប់នឹងព្រំប្រទល់ភូមិក្រឡឹងដុំនោះដែរ។ កាលពីអំឡុងឆ្នាំ១៩៩៨ ឈ្មោះភួង ភិន និងប្រពន្ធ បានខ្ចីដីខាងលើពីពួកគាត់ដើម្បីឱ្យកូនធ្វើជាកន្លែង រំងាស់ស្ករត្នោត ហើយបានធ្វើកិច្ចសន្យាថា នឹងប្រគល់ដីនោះឱ្យពួកគាត់វិញ នៅពេលដែលត្រូវការនោះ។ ប្រភពដដែលបានបន្ដថា លុះមកដល់ឆ្នាំ២០០៤ ប្រជាពលរដ្ឋបានទាមទារដីនោះមកវិញ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ ប៉ុន្ដែត្រូវលោកភួង ភិន បដិសេធមិនព្រមប្រគល់ឱ្យដោយគាត់និយាយថា សូម្បីតែ១ ចំអាមក៏មិនឱ្យដែរ។ បន្ទាប់ពីត្រូវលោកភួង ភិន រំលោភយកដីរួមទាំងកំរោលបែបនេះ ពួកគាត់ក៏ បានធ្វើការប្ដឹងប្ដល់ ហើយពេលនោះ អាជ្ញាធរស្រុកបានធ្វើការដោះស្រាយដោយវិធីផ្សេងៗ រហូតធ្វើ សម្បទានដីខ្លះឱ្យលោកភួង ភិនទៀតផង ប៉ុន្ដែគាត់នៅតែពុំព្រម ទើបអាជ្ញាធរស្រុកបញ្ជូនសំណុំរឿង ទៅតុលាការ ។
ប្រភពដដែលបានបន្ដថា ក្រោយពីពិនិត្យសំណុំរឿង និងសង្កេតឃើញទិដ្ឋភាពជាក់ស្ដែងថា ដីនោះ គឺជាដីរួមក្រុមសាមគ្គីរបស់ប្រជាពលរដ្ឋភូមិក្រឡឹងដុំ ហើយត្រូវបុគ្គលរស់នៅភូមិត្រញំងសុពណ៌ ទៅ រំលោភយកបែបនេះ ទើបតុលាការខេត្ដកណ្ដាលបានធ្វើការកាត់ក្ដីក្នុងភាពយុត្ដិធម៌មួយតាមសាលក្រម លេខ៩ “រ” ចុះថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០០៦ បានសំរេចឱ្យបុគ្គលភួង ភិន ចាញ់ក្ដី និងប្រគល់ដី ជិត២ហិកតានោះឱ្យពួកគាត់ប្រើប្រាស់ជាសម្បត្ដិរួមក្រុមសាមគ្គីវិញ ។
ប្រជាពលរដ្ឋបន្ដថា ក្រោយពេលដឹងថាសាលក្រមមានភាពយុត្ដិធម៌បែបនេះ ពួកគាត់មានការត្រេកអរ ខ្លាំងណាស់ ហើយរហូតដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០០៧ ប៉ុន្មានថ្ងៃមុននេះ សាលក្រមត្រូវ បានអនុវត្ដជាស្ថាពរ ដោយមានកំលាំងចំរុះចូលរួមទៀតផង។ ក្រោយពេលអនុវត្ដសាលក្រមពួកគាត់ បាននាំគ្នាកាប់ឆ្ការព្រៃនិងចូលលុយគ្នាទិញបង្គោលថ្មីដាំកំណត់ព្រំភ្លាមៗតែម្ដង ។ ពេលនេះពួកគាត់ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះមន្ដ្រីគ្រប់ស្ថាប័ន និងតុលាការខេត្ដកណ្ដាល ដែលបានកាត់ក្ដីយុត្ដិធម៌ និងអនុវត្ដសាលក្រមរួចជាស្ថាពរថែមទៀត ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply