តារាសម្ដែងដែលជួបស្នេហ៍មិនស្មោះត្រង់ បណ្ដែតខ្សែជីវិតក្នុងពិភពសិល្បៈចំរៀង
រាជធានីភ្នំពេញ ៖ នាងឈឹម ស្រីអូន ជាអ្នកចំរៀងនៅតាមពិធីមង្គលការ និងតាមភោជនីយដ្ឋាន ដោយនិយមច្រៀងបទមនោសញ្ចេតនា ហើយមានការរីកលូតលាស់ជាលំដាប់ ។ ពេលនេះក្រៅពីអាជីព ចំរៀងនាង មានអាជីពសម្ដែងកាយវិការខារ៉ាអូខេ និងភាពយន្ដថែមទៀត ។ នាងខិតខំពុះពារក្នុងអាជីព សិល្បៈនេះដើម្បីអនាគតខ្លួនឯងជាស្ដ្រីមេម៉ាយ និងកូនប្រុសម្នាក់ ។ ក្នុងវិស័យសិល្បៈភាពយន្ដ នាងធ្លាប់ ចូលរួមសំដែងក្នុងរឿងចុតហ្មាយអនាមិក និងរឿងបារមីជំនាងផ្ទះ ។ នៅក្នុងរឿងបារមីជំនាងផ្ទះ ដែល កំពុងដាក់បញ្ចាំងនៅរោងភាពយន្ដក្នុងរាជធានីភ្នំពេញ អ្នកដឹកនាំរឿងតំរូវឱ្យនាងសម្ដែងជាតួអង្គខ្មោច។ នាងសម្ដែង ជាតួអង្គនេះបានសក្ដិសមបំផុតធ្វើឱ្យអ្នកទស្សនាមានការភ័យរន្ធត់ ។
នាងឈឹម ស្រីអូន រៀបរាប់ឱ្យដឹងពីដំណើរជីវិតរបស់នាងថា នាងបែកបាក់ពីស្វាមីកាលពីឆ្នាំ១៩៩៩ ព្រោះគេមានចិត្ដក្បត់។ ពេលនោះនាងរស់នៅជាមួយកូនប្រុសម្នាក់យ៉ាងលំបាកបំផុត ។ នាងប្រកបរបរ លក់បន្លែ ផ្លែឈើនៅតាមទីផ្សារនានា ក្នុងទីក្រុងភ្នំពេញដើម្បីរកប្រាក់មកចិញ្ចឹមកូន ។
ដោយសារតែជីវិតជាអ្នកលក់បន្លែមានការលំបាកពេក នាងមានគំនិតចង់ធ្វើជាអ្នកចំរៀង ព្រោះយល់ថា វាងាយស្រួលរកប្រាក់មកចិញ្ចឹមកូនជាងលក់បន្លែ។ គិតឃើញដូច្នេះហើយ នាងចាប់ផ្ដើមព្យាយាមខិតខំ ហាត់រៀនច្រៀងដោយខ្លួនឯងតាមម៉ាញ៉េនៅពេលទំនេរ ។ លើសពីនេះនាងឆ្លៀតពេលទៅរៀនច្រៀង នៅក្លឹបសិល្បៈ ហើយមិនយូរប៉ុន្មាននាងចេះច្រៀងយ៉ាងស្ទាត់ ។
នៅឆ្នាំ២០០០នាងបានចាប់យកជីវិតថ្មីមួយទៀត គឺធ្វើជាអ្នកចំរៀង ហើយបោះបង់ចោលរបរលក់បន្លែ ដ៏លំបាកនោះទៅ ។ គិតរហូតមកដល់ពេលនេះ នាងចាប់អាជីពចំរៀងបានរយៈពេលជិត៧ឆ្នាំហើយ។ វាមិនឈប់ទ្រឹងត្រឹមអាជីពជាអ្នកចំរៀងប៉ុណ្ណោះទេ នាងស្វះស្វែងបានក្លាយជា តារាសម្ដែងកាយវិការ ខារ៉ាអូខេ និងភាពយន្ដថែមទៀត ។
ក្នុងអាជីពចំរៀងនាងរីករាយដែលមានឱកាសបានថតសំលេងចូលកាស្សែត និងស៊ីឌីព្រម ទាំងបានឡើង ច្រៀងជាកិត្ដិយសនៅលើឆាកប្រគំតន្ដ្រីចុងសបា្ដហ៍របស់ស្ថានីយទូរទស្សន៍នានាជារឿយៗ ។ កន្លងមក នាងធ្លាប់ចេញទៅសម្ដែងនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ហើយពេលនេះកំពុងត្រៀមចេញទៅ ច្រៀងនៅប្រទេសអូស្ដ្រាលីនាពេលឆាប់ៗខាងមុខ ។ ទោះជាយ៉ាងណានាងគ្រាន់តែជាតារាមានរស្មី ខ្សោយប៉ុណ្ណោះ ពុំទាន់ភ្លឺចិញ្ចាចចិញ្ចែងនៅឡើយ តែនាងសង្ឃឹមថា នៅថ្ងៃអនាគតអាជីពរបស់នាង នឹងប្រសើរឡើងមិនខាន ។
ក្នុងវ័យ២៥ឆ្នាំនាងឈឹម ស្រីអូន ពុំទាន់មានអ្នកមកជំនួសស្វាមីនាងដែលបែកបាក់គ្នាទៅនោះនៅឡើយ។ កន្លងមកឃើញនាងនៅទំនេរមានបុរសវ័យពី៤០ឆ្នាំឡើង មួយចំនួន ក្នុងនោះមានទាំងនៅក្រៅប្រទេសផង ប្រាថ្នាចង់បានរូបនាងជាគូស្នេហា តែគ្មាននរណាម្នាក់ដែលអាចចងសម្ព័ន្ធស្នេហាជាមួយរូបនាងបានឡើយ។ រយៈពេលជិតដប់ឆ្នាំកន្លងមកសំរាប់ជីវិតជាស្ដ្រីមេម៉ាយរបស់នាងពិតជាយូរណាស់ តែឱកាសថ្មីនៃក្ដីស្នេហ៍ ស្និទ្ធសំរាប់នាងនៅតែមិនប្រាកដប្រជាដដែល។
for this post
Leave a Reply