ចោរ៥នាក់មានកាំភ្លើងវែង២ដើមគាស់ទ្វារចូលប្លន់ផ្ទះលក់មាស
ខេត្ដកណ្ដាល ៖ អាជីវករលក់មាស២នាក់ប្ដីប្រពន្ធនៅផ្សារថ្មីព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៥នាក់ប្រដាប់ទៅដោយអាវុធជាច្រើនដើម បានគាស់ទ្វារផ្ទះចូល ទៅ ធ្វើសកម្មភាពប្លន់យ៉ាងសាហាវ ដោយចាប់ចង និងវាយដំម្ចាស់ផ្ទះបែកក្បាល រួចរើកកាយក្នុងផ្ទះប្លន់យក បានប្រាក់ខ្មែរចំនួន៤៩លានរៀល ប្រាក់អាមេរិក១៣.០០០ដុល្លារ មាស៤០តម្លឹង និងគ្រាប់ត្បូងមានតំលៃ ប្រមាណ១.០០០ដុល្លារ ។ ការបាត់បង់គិតជាទឹកប្រាក់សរុបអស់ប្រមាណជិត៦ម៉ឺនដុល្លារអាមេរិក ។
ទោះបីជាយ៉ាងណា ក្រុមចោរទាំងនោះ ត្រូវសមត្ថកិច្ចស្រុកមុខកំពូលចាប់ខ្លួនបានចំនួន៣នាក់ផងដែរ ក្នុងការខិតខំប្រឹងប្រែងមួយឈុតកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ មិថុនា និងដកហូតបានអាវុធអាកា ចំនួន២ដើម និងប្រាក់ខ្មែរជាង២លានរៀល ។
អំពើប្លន់ប្រដាប់អាវុធនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ មិថុនា នៅចំណុចខាងជើងផ្សារថ្មីព្រែកអញ្ចាញ ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ ម្ចាស់ផ្ទះដែលត្រូវចោរចូលប្លន់នោះត្រូវប៉ូលិសឱ្យដឹងថា ប្ដីឈ្មោះផុន សុផល អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះព្រិល ពុំ អាយុ៣៥ឆ្នាំ ។ គ្រួសារនេះមានមុខរបរជា ជាងទង និងលក់មាស។ ជនរង គ្រោះទាំងពីរនាក់ត្រូវក្រុមចោរចាប់ចងស្លាបសេក និងវាយដោយស្វាយកាំភ្លើងបែកក្បាលទាំងពីរនាក់ ប្ដីប្រពន្ធ និងវាយបំបែកទូដាក់មាសរើកកាយយកអស់គ្មានសល់ ។
ជនសង្ស័យចំនួន៣នាក់ដែលត្រូវចាប់ខ្លួននោះត្រូវប៉ូលិសឱ្យដឹងថា ១- ឈ្មោះអួន ដា អាយុ២៧ឆ្នាំ មាន ទីលំនៅភូមិស្ពានទំនាប ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ដបាត់ដំបង ២-ឈ្មោះឌី ហៃ អាយុ២៦ឆ្នាំ មាន ទីលំនៅ ភូមិក្រួច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង និង៣-ឈ្មោះសុច ខេម អាយុ ២៥ឆ្នាំ មានទីលំនៅភូមិចំណងតៀក ឃុំពាមន្ទា ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។ ជនសង្ស័យបានប្រើរូបភាព ធ្វើជាកម្មករលីសែង ដោយមានស្ពាយការុង ហើយយប់ឡើងធ្វើសកម្មភាពប្លន់តែម្ដង ។
តាមសំដីម្ចាស់ផ្ទះលោកផុន សុផល ដែលរងរបួសបែកក្បាលយ៉ាងដំណំបានឱ្យដឹងថា នៅយប់ថ្ងៃកើត ហេតុរូបលោក និងភរិយា ព្រមទាំងកូនប្រុសអាយុ៨ឆ្នាំបានដេកនៅលើឡៅតឿលង់លក់ទាំងអស់គ្នា ស្រាប់តែមានចោរប្លន់១ក្រុមមានគ្នាទាំងអស់៥នាក់ ប្រដាប់ដោយកាំភ្លើងអាកាជាច្រើនដើម បានហែកមុង និងភ្ជង់គំរាមប្លន់ ។ ក្រុមចោរប្លន់ដែលចូលដល់ក្នុងផ្ទះបានគាស់ទ្វារក្រោយចូល។ ជនរងគ្រោះបន្ដទៀតថា នៅក្នុងសកម្មភាពប្លន់នោះ ក្រុមចោរបានភ្ជង់ និងវាយរូបគាត់ ដោយចាប់ចងស្លាបសេកទៅក្រោយ រួច ឱ្យដេកផ្កាប់មុខ ហើយប្រពន្ធរបស់គាត់ក៏ត្រូវក្រុមចោរភ្ជង់គំរាមឱ្យរើយករបស់មានតំលៃដែរ ។ នៅយប់ នោះ ក្រុមចោរបានធ្វើសកម្មភាពប្លន់នៅក្នុងផ្ទះអស់ពេលប្រមាណ២០ទៅ៣០នាទី ដោយក្រុមចោរ បានវាយបំបែកទូដាក់មាស និងប្រាក់ ប្រមូលដាក់ក្នុងការុង.ស ហើយគេចខ្លួនតាមទ្វារក្រោយទៅបាត់។ ពេលក្រុមចោរគេចខ្លួននោះក៏មានការផ្ទុះអាវុធប្រមាណ៤ទៅ៥គ្រាប់ តែអ្នកខ្លះថា ១០គ្រាប់ ។
តាមសំដីជនរងគ្រោះបន្ដទៀតថា ទឹកប្រាក់និងគ្រឿងអលង្ការដែលក្រុមចោរប្លន់យកទៅនោះ សរុបជាទឹក ប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារ ។ បន្ទាប់ពីក្រុមចោរគេចខ្លួនអស់ ទៅទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអាជីវករផ្សារថ្មីព្រែកអញ្ចាញបាននាំគ្នាទៅចោមរោមសួរនាំ រហូតដល់ព្រឹកឡើងក៏នៅតែអ្នកស្រុក ជាច្រើននាក់បាននាំគ្នាមកចោមរោមមើលបន្ថែមទៀត។ តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើ សកម្មភាពប្លន់នៅព្រឹកថ្ងៃទី៤ មិថុនា នៅវេលាម៉ោង៧ព្រឹក ជនសង្ស័យ៣នាក់ត្រូវប៉ូលិសស្រុកមុខកំពូល សហការជាមួយប៉ូលិសប៉ុសិ៍្ដបាក់ខែង ចាប់ខ្លួន និងដកហូតបានប្រាក់ប្រមាណជាង២លានរៀល និងកាំភ្លើង អាកាកាត់ស្វាយចំនួន២ដើម ដែលជននោះដាក់ក្នុងការុងហើយដើររករថយន្ដដើម្បីជិះគេចខ្លួន ។
ទាក់ទិននឹងការឃាត់ខ្លួននេះ តាមព័ត៌មានមិនទាន់ជាផ្លូវការនៅឡើយឱ្យដឹងថា ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើសកម្មភាពប្លន់ពិតប្រាកដមែន ដោយមានបក្សពួកចំនួន៥នាក់ និងមានអាវុធចំនួន២ដើម (តាមអ្នករងគ្រោះថា៣ដើម) បានគាស់ទ្វារផ្ទះពីក្រោយចូលទៅក្នុងផ្ទះ ហើយភ្ជង់វាយជនរងគ្រោះ និងវាយកញ្ចក់ទូលក់មាសប្រមូលបានប្រាក់ និងគ្រឿងអលង្ការដាក់ក្នុងការុង ហើយពេលរត់ចេញ បានបំបែកគ្នា។ ជនសង្ស័យដែលត្រូវចាប់ខ្លួនបាននិយាយថា ប្រាក់ដែលប្លន់បានត្រូវឈ្មោះចេក ជាអ្នកយក ទៅ ដោយសន្យាថា ចាំទៅដល់ភ្នំពេញទើបចែកគ្នា ដោយបានឱ្យតែជាង២លានរៀលសំរាប់ធ្វើសោហ៊ុយ តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ពុំមានព័ត៌មានលំអិតត្រូវបានប្រាប់ឱ្យដឹងនៅឡើយទេ ដោយសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសល់ ។
តាមព័ត៌មានឱ្យដឹងថា បក្សពួកជនសង្ស័យដែលគេចខ្លួនពុំទាន់ទៅណាឆ្ងាយឡើយ ហើយអាចជាការគេច ចូលក្នុងព្រៃ។ ក្រុមដែលធ្វើសកម្មភាពប្លន់អ្នកលក់មាសនោះ ប្រហែលជាក្រុមចោរថ្មីថ្មោង ព្រោះពេល ប្លន់បានពុំមានម៉ូតូជិះគេចខ្លួនឡើយ គឺគេចខ្លួនចូលព្រៃវង្វេងផ្លូវទើបត្រូវចាប់ខ្លួន។
តាមព័ត៌មានពីសមត្ថកិច្ចឱ្យដឹងបន្ថែមថា ក្រុមចោរប្លន់ជាកម្មករឡឥដ្ឋហើយអាចមានការតាមដានផ្ទះលក់ មាសនោះជាមុនផងដែរ មុនពេលធ្វើសកម្មភាពប្លន់ ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply