សិស្សវិទ្យាល័យព្រះមុនីវង្ស ដេញវាយសិស្សវិទ្យាល័យសម្ដេចឪ
ខេត្ដបាត់ដំបង ៖ សិស្ស២ក្រុមដែលមួយក្រុមមានគ្នា៣នាក់ រៀននៅវិទ្យាល័យសម្ដេចឪ និងមួយក្រុម ទៀតមានគ្នា៧នាក់ រៀននៅវិទ្យាល័យព្រះមុនីវង្ស បានជិះម៉ូតូដេញស្ទាក់វាយគ្នាយ៉ាងឃោរឃៅបំផុត កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ មិថុនា នៅតាមដងផ្លូវលេខ១ ត្រង់ចំណុចខាងមុខអគ្គិសនីខេត្ដបាត់ដំបង ស្ថិតក្នុងភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ។ ពេលពួកគេកំពុងប្រយុទ្ធគ្នា ត្រូវប្រជាពលរដ្ឋ រាយការណ៍តាមទូរស័ព្ទទៅប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ដ ហើយខណៈនោះកំលាំងប៉ូលិស បានចុះអន្ដរាគមន៍ភ្លាមៗដេញប៉ផាប់ចាប់ពភីង បានក្មេងពាលទាំង២ក្រុមនោះ ចំនួន៣នាក់ រីឯមួយ ចំនួនទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
លោកហ៊ឺ វិរិទ្ធ មន្ដ្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ដបានឱ្យដឹងថា ក្មេងពាលទាំង២ក្រុម ដែលជិះម៉ូតូដេញវាយគ្នាយ៉ាងអនាធិបតេយ្យកណ្ដាលទីរួមខេត្ដទាំងព្រឹកនោះ ត្រូវកំលាំងរបស់លោកចាប់ បាន៣នាក់ ក្នុងនោះមាន១-ឈ្មោះស៊ីម សុខសុគន្ធ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី11B នៅវិទ្យាល័យសម្ដេចឪ, ២-ឈ្មោះឆឹង យុវ័គ្គ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី11B វិទ្យាល័យសម្ដេចឪ ទាំងពីរនាក់នេះ រស់នៅភូមិ វត្ដគរ ឃុំវត្ដគរ ស្រុកបាត់ដំបង ។ ក្រុមនេះមានគ្នា៣នាក់ ដែលម្នាក់ទៀតរត់គេចខ្លួនរួច និងដក ហូតម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ មួយគ្រឿង។ ចំណែកភាគីម្ខាងទៀតមានគ្នា ៧នាក់ជិះម៉ូតូ៤គ្រឿង ហើយត្រូវកំលាំងរបស់លោកចាប់បានម្នាក់ឈ្មោះប្រាក់ គី អាយុ២៥ឆ្នាំ រៀននៅ វិទ្យាល័យព្រះមុនីវង្ស រស់នៅភូមិអណ្ដូងចេញ ឃុំអូរចារ ស្រុកបាត់ដំបង ។ ក្រុមនេះជាក្មេងពាល រៀននៅវិទ្យាល័យព្រះមុនីវង្ស ហើយជាអ្នកដេញវាយក្រុមក្មេងពាល៣នាក់ខាងលើ ដែលរៀននៅ វិទ្យាល័យសម្ដេចឪ ។
នៅចំពោះមុខប៉ូលិសក្មេងពាល២នាក់ ដែលរៀននៅវិទ្យាល័យសម្ដេចឪបាននិយាយថា មុនពេលកើតហេតុ ពួកខ្លួន៣នាក់បានជិះម៉ូតូចេញពីមើលកម្មវិធីផ្សព្វផ្សាយជំងឺអេដស៍ ដែលគេប្រារឰធ្វើនៅក្នុងវិទ្យាល័យ នេតយ៉ង់ ។ លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែក្រុមរបស់ឈ្មោះប្រាក់ គី ជិះម៉ូតូ៤គ្រឿង បានបើកកៀរម៉ូតូពួកខ្លួនឱ្យដួល ហើយព្រួតគ្នាវាយពួកខ្លួនតែម្ដង បើកុំតែប៉ូលិសមកទាន់ប្រហែលអាច មានគ្រោះថ្នាក់ដល់ជីវិតផងក៏មិនដឹង ។ ក្រុមនេះនិយាយថា កន្លងមកពួកខ្លួនមិនដែលស្គាល់ក្រុមរបស់ ឈ្មោះប្រាក់ គីនោះទេ ។ ចំណែកយុវជនពាលឈ្មោះប្រាក់ គី ដែលជាភាគីខាងវិទ្យាល័យព្រះមុនីវង្ស វិញបានឆ្លើយនៅចំពោះមុខប៉ូលិសដែរថា មូលហេតុដែលពួកខ្លួនព្រួតគ្នាជិះម៉ូតូដេញវាយក្រុមខាងលើ គឺដោយសារតែកាលពី៥ថ្ងៃមុន ក្រុមនេះបានវាយបក្សពួកខ្លួនម្នាក់ឈ្មោះ ហួច បណ្ដាលឱ្យពកក្បាល ទើប ពួកខ្លួនតាមសងសឹកវិញតែម្ដង ។
ការប្រយុទ្ធគ្នារវាងភាគីទាំង២នេះ ត្រូវបានសាក្សីជាច្រើនដែលឃើញសកម្មភាពពួកគេនិយាយថា ពេល ភាគីដែលមានគ្នា៣នាក់ជិះម៉ូតូមកដល់ចំណុចខាងលើ ស្រាប់តែភាគីម្ខាងទៀតដែលមានគ្នាច្រើនបានជិះ ស្ទាក់ពីមុខផង ពីក្រោយផង រួចកៀរម៉ូតូភាគី៣នាក់ឱ្យដួលបន្ទាប់មកក៏ព្រួតគ្នាវាយភាគី៣នាក់នោះ ដោយខ្លះរត់ទៅរកដំបង និងខ្លះទៀតរត់ទៅយកដុំថ្មមកសំពងក្បាលភាគីខាង៣នាក់ ដែលកំពុងដេក ដួលនៅលើថ្នល់ តែសំណាងល្អប៉ូលិសមកទាន់កុំអីភាគី៣នាក់នោះប្រហែលជាក្ស័យជីវិត ។ មន្ដ្រីប៉ូលិស ដដែលបានបញ្ជាក់ថា ដោយយោងថាជនទាំង២ក្រុមពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទើបប៉ូលិសគ្រាន់តែធ្វើការ អប់រំ ហើយអញ្ជើញអាណាព្យាបាលរបស់ពួកគេឱ្យធ្វើកិច្ចសន្យាធានា យកពួកគេត្រឡប់ទៅវិញ ដើម្បី អប់រំពួកគេឱ្យប្រព្រឹត្ដិតែអំពើល្អ ។
Labels: សណ្ដាប់ធ្នាប់
for this post
Leave a Reply