បណ្ដើរសង្សារគេបញ្ឈឺចិត្ដ..គេព្រមានប្រាប់ប្រពន្ធ..ផ្ទុះហិង្សា បង្ករបួសក្លាយជាអ្នកទោស
ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបានកំលាំងប៉ូលិសស្រុកកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ ខណៈ ដែលបុរសរូបនោះ រួមនឹងបក្សពួក២នាក់ទៀតបានបង្ករបួសស្នាម ទៅលើបុរសម្នាក់ទៀតកាលពីវេលា ម៉ោង៩យប់ថ្ងៃទី២ មិថុនា នៅមុខផ្សារលើខេត្ដកំពង់ឆ្នាំង ។ បុរសរូបនោះ ឈ្មោះជួន ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រញំង ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ជាអ្នករត់ម៉ូតូឌុប ។ ចំណែកជនរងគ្រោះ ឈ្មោះខឿន សេងហៃ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
មូលហេតុដែលជនដៃដល់ប្រមូលបក្សពួក២នាក់ទៀត មកព្រួតវាយជនរងគ្រោះនេះ ត្រូវបានលោកហ៊ុល វាសនា អធិការរងប៉ូលិសស្រុកកំពង់ឆ្នាំងប្រាប់ថា នៅថ្ងៃកើតហេតុ ជនឈ្មោះជួន ប្រុស រួមនឹងបក្សពួក បានទៅផឹកទឹកត្នោតជូរនៅកន្លែងមួយដែលមានអ្នកលក់ឈ្មោះច្រឹប ម្ដុំជិតសាលារៀនទួលក្រាំង ។ ក្នុង ពេលផឹកស៊ីនោះ ក៏បានទៅឌុបស្ដ្រីខារ៉ាអូខេម្នាក់ឈ្មោះនី នៅហាងមនោរម្យមកចូលរួមផឹកស៊ីដែរ។ ដោយ ឡែកជនរងគ្រោះឈ្មោះខឿន សេងហៃ ឯណោះវិញ មិនបានដឹងអីទេ គឺកំពុងអង្គុយផឹកទឹកក្រឡុក នៅផ្សារលើ ដែលអ្នកលក់ទឹកក្រឡុកជាប្រពន្ធរបស់ជនឈ្មោះជួន ប្រុស ។ លុះពេលផឹកទឹកក្រឡុក អស់ពាក់កណ្ដាលកែវ ក៏នឹកគិតដល់ស្រីស្នេហ៍ ឈ្មោះនី ដែលកំពុងផឹកទឹកត្នោតជូរជាមួយឈ្មោះជួន ប្រុស ទើបលើកទូរស័ព្ទនិយាយទៅរកស្រីស្នេហ៍ ដោយមិនបានដឹងថា នៅជាមួយប្រុសផ្សេងឡើយ ។ លុះពេល និយាយទៅបានពីរម៉ាត់ នៅឯម្ខាងនោះឈ្មោះជួន ប្រុស បានឆក់ទូរស័ព្ទពីស្ដ្រី ឈ្មោះនី និយាយម្ដង ហើយ ដោយឈ្មោះជួន ប្រុស ស្គាល់ថា គឺឈ្មោះសេង ហៃ ដែលជាអ្នករត់ម៉ូតូឌុបដូចគ្នាក៏និយាយឌឺដងថា ឯង នៅឯណា? អញកំពុងបណ្ដើរសង្សារឯងផឹកទឹកត្នោតជូរនៅទួលក្រាំង ហើយប្រហែលជាអញត្រូវដេក ជាមួយផងមិនដឹង? ចំណែកជនរងគ្រោះឯណោះវិញ ដោយខឹងគេឌឺដងដាក់ក៏ប្រាប់វិញថា ឯងខំទៅ អញកំពុងផឹកទឹកក្រឡុកប្រពន្ធឯងផង តិចអញប្រាប់ប្រពន្ធឯងឥឡូវ។ ពេលនោះ ឈ្មោះជួន ប្រុស ខឹងក៏ និយាយតបវិញថា ឯងហ៊ានប្រាប់ អញវាយឯងហើយ ។
លោកអធិការរងរូបនោះបន្ដថា ទោះបីជនរងគ្រោះមិនបានប្រាប់ប្រពន្ធរបស់ឈ្មោះ ជួន ប្រុស មែន ប៉ុន្ដែ ការសន្ទនាតាមទូរស័ព្ទ ត្រូវបានប្រពន្ធជននេះឮ និងបានសួរថា គាត់នៅឯណា? ក្រោយមកមិន បាន១០នាទីផង ជនឈ្មោះជួន ប្រុស ក៏ជិះម៉ូតូមកដល់ ហើយបានបំបុកឈ្មោះសេងហៃ ដែលកំពុងអង្គុយ លើកៅអីឱ្យដួលច្រងាប់ច្រងិល ព្រមទាំងលើកគ្នាវាយឈ្មោះសេងហៃបង្កឱ្យមានរបួស ។ ក្រោយមក បក្សពួក២នាក់ទៀតរត់គេចខ្លួន ចំណែកជនឈ្មោះជួន ប្រុស ក៏រត់ដែរ តែត្រូវប៉ូលិសចាប់បានរួមទាំង ពូថៅជាប់នឹងដៃមួយផង ។ ជនរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវ បានប៉ូលិសកសាងសំណុំរឿងទៅស្នងការដ្ឋានខេត្ដ ដើម្បីបញ្ជូនទៅតុលាការ ។
for this post
Leave a Reply